អភិបាលក្រុងសួង នាំយកម៉ាស់ចំនួន២៥,០០០ទទួលបានពីសប្បុរសជន ទៅចែកផ្តល់ជូនមន្ទីរពេទ្យ មណ្ឌលសុខភាព និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង

(ក្រុងសួង)៖ កាលពីរសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ រដ្ឋបាលក្រុងសួង បានទទួលម៉ាស់ចំនួន ១០កេសធំ ស្មើនឹងចំនួន ២៥,០០០ម៉ាស់ ដែលបានឧបត្ថម្ភដោយ លោក លឹម ឃាង និងភរិយា ម្ចាស់សិប្បកម្មផលិតម៉ាស់ DENG RONG មានទីតាំងនៅរាជធានីភ្នំពេញ ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រដ្ឋបាលក្រុងសួង ដើម្បីចាត់ចែងចែកដល់មន្ត្រីរដ្ឋបាលក្រុង កំលាំងប្រដាប់អាវុធទាំង៣ និងលោកគ្រូ អ្នកគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែក រួមនឹងមណ្ឌលសុខភាពទាំង៣ បានប្រើប្រាស់ក្នុងការបង្ការ ការពារជំងឺឆ្លងកូវីដ១៩។

លោក ជា ណារ៉ុន អភិបាលក្រុងសួង ឲ្យដឹងថា ម៉ាស់ដែលទទួលបានពីសប្បុរសទាំង២៥,០០០ ក្នុងនោះផ្តល់ជូន៖
– មន្ទីរពេទ្យបង្អែកក្រុង ចំនួន ៩,០០០ម៉ាស់
– មណ្ឌលសុខភាពទាំង៣ ចំនួន ៦,០០០ម៉ាស់
– អធិការដ្ឋាននគរបាលក្រុង និងប៉ុស្តិនគរបាលទាំង២ ចំនួន ៩០០ម៉ាស់
– ក្រុមប្រឹក្សាក្រុង ការិយាល័យចំណុះទាំង១៣ ២,១០០ម៉ាស់
ហើយនៅសល់ ៧,០០០ម៉ាស់ទៀតនឹងបន្តចែកអោយរដ្ឋបាលសង្កាត់ទាំង២ ភូមិទាំង៣០ មុខសញ្ញាចំណាកស្រុកមកពីក្រៅប្រទេស និងប្រជាពលរដ្ឋងាយរងគ្រោះផងដែរ ។

លោក អភិបាលក្រុងសួង ក៍ថ្លែងអំណរគុណ និងកោតសរសើរនូវទឹកចិត្តសប្បុរសធម៍ចំពោះសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភគាំទ្រ ជាមួយរដ្ឋបាលក្រុងសួង ក៍ដូចជារដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា បង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នាដំណាក់ការដ៍សំខាន់នេះ៕