ប្រកាសផ្ទេរភារកិច្ចអធិការនគរបាលក្រុងបាវិតថ្មី, លោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធ ជំនួសលោកវរសេនីយ៍ឯក កែវ គង់ ដែលត្រូវទទួលភារកិច្ចថ្មី!

ខេត្តស្វាយរៀង)៖ការប្រកាសតែងតាំងអធិការនគរបាលក្រុងបាវិតត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២០នេះដោយលោកវរៈសេនីយ៍ទោអែមសុវណ្ណារិទ្ធឡើងជាអធិការនគរបាលក្រុងបាវិតជំនួសលោកវរសេនីយ៍ឯកកែវ គង់ដែលទទួលភារកិច្ចថ្មីជានាយរងការិយាល័យវិទ្យុទាក់ទងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។

ពិធីប្រកាសតែងតាំងអធិការនគរបាលក្រុងបាវិតនេះស្ថិតក្រោមអធីបតីភាពលោកឧត្តមសេនីយ៍ទោកឹង ឃនស្នងការនគរបាលខេត្តស្វាយរៀងនិងលោកលឹម សៀងហេងអភិបាលក្រុងបាវិត។

លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានថ្លែងផ្តាំផ្ញើរអធិការនគរបាលថ្មី ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការងារបង្ការ និងបង្រ្កាបបទល្មើសផ្សេងៗដូចជាបញ្ហារគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបង្ការទប់ស្កាត់ បទល្មើសគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមូលដ្ឋានក្រុងបាវិត ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។

ថ្លែងនៅក្នុងឱកាសនោះលោកកឹង ឃនស្នងការនគរបាលខេត្តស្វាយរៀង បានធ្វើការជំរុញដល់អធិការថ្មី ត្រូវធ្វើកិច្ចការដោយមានការចូល រួមពីអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក ជាពិសេសត្រូវមានការសាមគ្គីភាពផ្ទៃក្នុង និងត្រូវគោរពអនុវត្តឲ្យមានប្រសិទ្ធភាព ខ្ពស់នូវរាល់បទបញ្ជារបស់គណៈបញ្ជាការឯកភាពក្រុងបាវិត ដែលមានលោកលឹមសៀងហេងជាអភិបាលក្រុង។

លោកស្នងការបានថ្លែងបន្តថាគឺលោកអធិការថ្មីត្រូវពង្រឹងរបៀបរបបការងារ តាមឋានានុក្រមការងារនិងត្រូវមានការលើកទឹកចិត្ត ជូនរង្វាន់ដល់អង្គភាព មន្រ្តីដែលមានស្នាដៃ យកចិត្តទុកដាក់អប់រំ ព្រមាន អនុវត្ត វិន័យ សីលធម៌ លក្ខន្តិកៈមន្រ្តីនគរបាលជាតិ និងអនុវត្ត ច្បាប់ចំពោះមន្រ្តីដែលខុសឆ្គង។

លោកថាត្រូវបែងចែកកិច្ចការងារជំនាញឲ្យបានច្បាស់លាស់ ទន្ទឹមនោះក៏ត្រូវមានអង្គប្រជុំទៀងទាត់និងត្រូវរួមសហការជាមួយអាជ្ញាធរក្រុង និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធធ្វើយ៉ាងណាបង្ការ ទប់ស្កាត់ បទល្មើស និងគ្រោះថ្នាក់ចរាចរណ៍ឲ្យមានកម្រិតទាប ជាពិសេសការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់។

លោកបានបន្ថែមថាអាជ្ញាធរចៅសង្កាត់ទាំង៥និងលោកមេប៉ុស្តិ៍ក្នុងក្រុងបាវិត បន្តធ្វើសកម្មភាពអប់រំផ្សព្វផ្សាយអំពីមេរោគឆ្លងកូរ៉ូណា និងមានវិធានការទប់ស្កាត់នៃជំងឺនេះ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ការកុំអោយរីករាលដាលព្រោះសម្រាប់ខេត្តស្វាយរៀងយើងមិនទាន់មានពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ១៩នេះទេរហូតមកដល់ពេលនេះ ពិសេសនោះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យទទួលបានជោគជ័យនិងមានប្រសិទ្ធភាពផងដែរ៕