រដ្ធបាលខេត្តស្វាយរៀង បង្កើតក្រុមការងារទទួលខុសត្រូវលើពលករដែលទើបវិលត្រលប់មកពីថៃ:

(ស្វាយរៀង)÷ អនុវត្តតាមស្មារតីលិខិតលេខ១០០៧ សជណ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំស្ដីពីការបង្កើតក្រុមការងារដើម្បីទទួលខុសត្រូវសម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋ មានទីលំនៅនៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្តបានផ្តាំផ្ញើដល់ក្រុមការងារដែលទទួលខុសត្រូវ និងដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀងមកពីប្រទេសថៃ នូវចំណុចមួយចំនួនដូចខាងក្រោម ៖
១- ត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្តជាប់ព្រំដែនប្រទេសថៃ។
២- ត្រូវចាត់ចែងមធ្យោបាយសមស្រប ដើម្បីដឹកជញ្ជូនពួកគាត់មកកាន់លំនៅដ្ឋាន រួមទាំងការឧបត្ថម្ភ នូវម្ហូបអាហារ ទឹក សម្ភារ និងថ្នាំពេទ្យជាដើម។
៣- ត្រូវយកចិត្តទុកដាក់គិតគូរពីសុវត្ថិភាព សុខភាព និងទ្រព្យសម្បត្តិរបស់ពួកគាត់ ព្រមទាំងសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៅពេលធ្វើដំណើរត្រឡប់មកវិញ ។
៤- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវចុះតាមខ្នងផ្ទះដែលប្រជាពលរដ្ឋទើបមកពីប្រទេសថៃដោយណែនាំ ពួកគាត់ឲ្យដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃ ស្របតាមនីតិវិធីកំណត់របស់ក្រសួងសុខាភិបាល និងបង្កើនសកម្មភាពផ្សព្វផ្សាយអំពីវិធីបង្ការ និងទប់ស្កាត់ការឆ្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន ៕