
សិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ
នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្ដម ម៉ែន វិបុល ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជា អនុប្រធាន ប្រចាំការ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក។
សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក, ឯកឧត្តមប្រធានសាលាដំបូងខេត្ត ,ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ,ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត,លោកនាយករដ្ឋបាលសាលាខេត្ត,លោកស្នងការរងនគរបាលខេត្ត,លោកប្រធានមន្ទីរនានាក្នុងខេត្ត,លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត,លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុកទាំង៨,លោកប្រធានការិយាល័យរៀបចំដែនដីទាំង៨ក្រុង/ស្រុកលោកប្រធានក្រុមក្រុមប្រឹក្សាក្រុង/ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ ស្មៀនឃុំទាំង៨០ និងអាជ្ញាធរពាក់ព័ន្ធសរុបប្រមាណ២៤៧នាក់។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមបណ្ឌិតរដ្ឋលេខា-ធិការប្រចាំការ ព្រមទាំងគណៈប្រតិភូអមដំណើរ និងឯកឧត្ដម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមនៅក្នុងអង្គសិក្ខាសាលាដ៏មានសារៈសំខាន់នាឱកាសនេះ និងសូមគោរពថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ដែលបានអនុញ្ញាតឲ្យមានការរៀបចំការផ្សព្វផ្សាយអំពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់មន្ត្រីនៃអង្គភាពពាក់ព័ន្ធជុំវិញខេត្តស្វាយរៀង តាមរយៈអង្គសិក្ខាសាលានារសៀលនេះ។
ឯកឧត្តមបន្តថា គិតត្រឹម ៦ខែ ដើមឆ្នាំ២០២៥នេះ មានបណ្តឹងចំនួន ១៥៨ករណី បានដាក់មករដ្ឋបាលក្រុង ស្រុក ទាំង៨ និងរដ្ឋបាលខេត្ត ក្នុងនោះ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខេត្ត បានសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទចំនួន ៩៣ករណី ស្មើនឹង ៥៨,៨៦% ហើយជាលទ្ធផលមួយដ៏គួរជាទីមោទនៈ នៅក្នុងការដោះស្រាយវិវាទនេះ គឺកាលពីពេលថ្មីៗនេះ ដោយមានការចូលរួមគាំទ្រពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការចូលរួមសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ ខេត្តសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ នៃការដោះស្រាយវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនគម្រោងដីឡូតិ៍ភូមិមរតក ដែលជាវិវាទរ៉ាំរ៉ៃមួយ និងបានជាប់គាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះនៅក្នុងខេត្តស្វាយរៀង តែបច្ចុប្បន្នបាននិងកំពុងដំណើរការដោះស្រាយដោយរលូន និងមានការបោះជំហានទៅមុខជាវិជ្ជមាន និងទទួលបាននូវការចូលរួមអបអរសាទរពីប្រជាពលរដ្ឋ។
ឯកឧត្តមបន្ថែមទៀតថា ការរៀបចំនូវសិក្ខាសាលាផ្សព្វផ្សាយអំពីបេសកកម្ម នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាស្ថាប័នថ្មីមួយរបស់រាជរដ្ឋាភិបាល ដើម្បីជាយន្តការបំពេញបន្ថែមឲ្យប្រព័ន្ធដោះស្រាយវិវាទនៅកម្ពុជា តាមរយៈការសម្រុះសម្រួលផ្សះផ្សាក្រៅប្រព័ន្ធតុលាការ នាឱកាសនេះ ពិតជាមានសារៈសំខាន់ ចាំបាច់ សមស្រប និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន។ ទន្ទឹមនេះ ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង សូមចូលរួមគាំទ្រ និងចូលរួមសហការលើគ្រប់ជ្រុងជ្រោយ ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ សម្រាប់បម្រើឲ្យផលប្រយោជន៍ជាចម្បង និងធំបំផុតដល់ប្រជាពលរដ្ឋរបស់យើងនៅមូលដ្ឋាន៕