កំពង់ផែទេសចរណ៍អន្តរជាតិកំពត ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ទី២១ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លោកស្រី យូតសាណា វ៉ាម៉ា (Jyotsana Vama) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា អ្នកឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AZ Builders Co,Ltd. ឯកឧត្ដម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ភ្ញៀវកិត្ដិយសជាតិ-អន្ដរជាតិ ថ្នាក់ដឹកនាំក្រសួង និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

កំពង់ផែទេសចរណ៍អន្តរជាតិកំពត មានទីតាំងភូមិសាស្រ្តស្ថិតនៅក្នុងភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ដែលបានបើកការដ្ឋានសាងសង់កាល ពី ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ និង បានបញ្ចប់ការសាងសង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយបានប្រើប្រាស់ ថវិកាក្រោមឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹង ថវិកាបដិភាគមួយចំនួនរបស់រាជរដ្ឋាភិបាលសម្រាប់ពន្ធអាករផ្សេងៗ ការ ទ្រទ្រង់លើបន្ទុកបុគ្គលិក និងការបំពាក់ឧបករណ៍សម្ភារបរិក្ខារការិយាល័យជាដើម។

កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ ការដឹកជញ្ជូន តាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។ ការតភ្ជាប់ទាំងអស់នេះនឹងរួមចំណែក យ៉ាងសំខាន់ ក្នុងការលើកកម្ពស់សកម្មភាព សេដ្ឋកិច្ច សង្គម តាមរយៈការផ្តល់ឱកាសការងារ និងបង្កើនប្រាក់ចំណូលបន្ថែមដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសហគ្រាស អាជីវកម្មក្នុងស្រុកដូចជា ភោជនីយដ្ឋាន សណ្ឋាគារ ហាងលក់វត្ថុអនុស្សាវរីយ៍ និងក្រុមហ៊ុនទេសចរណ៍ជាដើម ព្រមទាំងជំរុញឱ្យមានការបង្កើតនូវទីតាំងកម្សាន្តថ្មីៗនៅក្នុងភូមិសាស្រ្តខេត្តកំពត និងបណ្តាខេត្តផ្សេងទៀតនិយាយជារួម ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត។

គួរបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិកំពត គឺជាអនុគម្រោងមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងជាគំនិតផ្តួចផ្តើមរៀបចំដោយក្រសួងទេសចរណ៍ ហើយក្រោយមក នាឆ្នាំ២០២០ ត្រូវបានប្រគល់ឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងជំនាញទទួល បន្ទុកគ្រប់គ្រងបច្ចេកទេស ដើម្បីអនុវត្តបន្ត៕