ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែង អភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ ស្ថិតនៅសាលាស្រុកស្ទឹងត្រង់។
លោក បាន ស្រេង ឧត្តមមន្ត្រីថ្នាក់លេខ៥ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកស្ទឹងត្រង់ ជំនួសលោក ទុន ណេត ដែលត្រូវបានផ្ទេរទៅជាអភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានផ្តាំផ្ញើដល់លោកអភិបាលស្រុកស្ទឹងត្រង់ថ្មី ត្រូវធ្វើការដឹកនាំតាមបែបសិល្បៈ និងត្រូវឲ្យសិទ្ធិ៣ដល់មន្ត្រីក្រោមឱវាទ គឺ ១) ឱ្យមន្ត្រីចេះធ្វើការសម្រេចចិត្ត ២) ឱ្យមន្ត្រីមានសិទ្ធិសម្រេចចិត្ដ ៣) ឱ្យមន្ត្រីមានធនធាន រួមទាំងមធ្យោបាយសម្រាប់ធ្វើការផងដែរ ៕