អបអរសាទរពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវមួយខ្សែមានប្រវែង១,២០០ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង
នាព្រឹកថ្ងៃអង្គារ១៥កេីត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រេីប្រាស់ផ្លូវមួយខ្សែមានប្រវែង ១,២០០ ម៉ែត្រ ស្ថិតនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ដែលជាអំណោយរបស់ឯកឧត្តមអភិបាល និងលោកជំទាវ ដែលចំណាយថវិកាអស់ចំនួន១៨,០០០ដុល្លារអាមេរិក ។
ពិធីនេះមានការអញ្ជេីញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត លោកអភិបាលក្រុងបាវិត លោក លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងទាំ៣ ប្រភេទ និងមានការចូលរួមពី មន្ត្រីរាជការក្រុង កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ក្រុងបាវិត ប្រជាពលរដ្ឋក្នុងសង្កាត់ប្រាសាទ សរុប ប្រមាណ ៤០០ នាក់។
មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន និងលោកជំទាវភឿងសកុណា ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ។
ឯកឧត្តមបន្តថា សមិទ្ធផលផ្លូវមួយខ្សែនេះ គឺមិនមែនកើតឡើងដោយចៃដន្យនោះទេ នេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វេីឲ្យជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសេីឡេីង។ ជាក់ស្តែងផ្លូវនេះ និងជួយសម្រួលដល់ការធ្វេីដំណេីររបស់បងប្អូនប្រជាពលរដ្ឋក្នុងដឹកជញ្ជូនទំនិញនិងកសិផលនានា ជាពិសេបងប្អូនកម្មករកម្មការនីរោងចក្រ និងប្រេីប្រាស់ផ្លូវនេះទៅបំពេញការងារប្រចាំថ្ងៃ។
ឯកឧត្តមបានផ្តាំផ្ញេីនូវចំណុចសំខាន់ៗមួយចំនួនទៅកាន់ពិធីនេះដូចខាងក្រោម៖
១.សូមចូលរួមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់ នៃការសេពគ្រឿងញៀន ដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន ហើយលុបបំបាត់គ្រឿងញៀននៅមូលដ្ឋានដើម្បីអនាគតកូនចៅយើង ។
២.សូមបងប្អូន បន្តរួមគ្នាការពារឲ្យបាន នូវសុខសន្តិភាពដែលមាននៅក្នុងដៃ ត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាលនិងប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភាពអន្តរាយ ។
៣.សូមចូលរួមជួយថែរក្សាការពារនូវសមិទ្ធផលផ្លូវមួយខ្សែនេះឲ្យបានល្អ ការដឹកជញ្ជូនកុំដឹកលេីសទម្ងន់ជាដេីម ។
៤.សូមអាជ្ញាធរ និងសមត្ថកិច្ចរបស់យើង ត្រូវ បន្ត យកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព ការងារបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ និងការពារ សន្តិ សុខ សុ វត្ថិភាព ឲ្យ បាន ល្អប្រសើរជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ។
ជាចុងបញ្ចប់នៃពិធីនេះដែរឯកឧត្តមអភិបាលខេត្តបានចែកជូនប្រជាពលរដ្ឋនូវក្រមាម្នាក់មួយ និងថវិកាមួយម៉ឺនរៀលផងដែរ។