ក្រុមឈ្មួញតូច ធំ ដឹកទំនិញចោទសួរថា តើលោក នូ សុីថា ប្រធាននាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានសិទ្ធិប្រើជនស៊ីវិលឲ្យដើរយកលុយពីការដឹកជញ្ជូនទំនិញ លើផ្លូវជាតិគ្រប់ច្រកល្ហកនិងតាមព្រំដែនច្រករបៀងនានា ដែរឬទេ ?

ប្រភពរាយការណ៍ថា តាំងពីលោក នូ ស៊ីថា ឡើងកាន់តំណែង ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើស នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មក ក្រុមឈ្មួញ ក៍ដូចជាអាជីវករ បានត្អូញត្អែរថា ពួកគាត់សព្វថ្ងៃនេះពិបាករកស៊ីខ្លាំងណាស់ ដោយសារក្រុមមន្ត្រីក្រោមក្លៀករបស់ លោក នូ ស៊ីថា បានដាក់ពង្រាយកម្លាំង មានទាំងជន ស៊ីវិលគ្រប់ច្រកល្ហកតាមដងផ្លូវជាតិនិងតាមច្រករបៀងព្រំដែន ដើរប្រមូលលុយស្រស់ៗ ប្រសេកប្រសាចខ្លះមានវិក័យប័ត្រ និងខ្លះគ្មានវិក័យប័ត្រដោយលេសថាប្រមូលពន្ធចូលរដ្ឋ។

បើទោះប្បីជា មានព័ត៌មានអំពីភាពមិនប្រក្រតីរបៀបដឹកនាំរបស់លោក នូ ស៊ីថា នេះបានលេចឮដល់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដោយក៏ពុំឃើញមានចំណាត់ការកែប្រែនោះទេ។

ប្រភពផ្ទៃក្នុងខ្សឹបថា ថ្មីៗនេះលោក នូ ស៊ីថា ក្រោយកាន់តំណែងជា ប្រធាននាយកដ្ឋានបង្ការបង្ក្រាបបទល្មើសនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ជំនួសលោក កើត សុធារ៉ា​ ខណៈលោក នូ ស៊ីថា ឡើងកាន់តំណែងជាអគ្គនាយក រង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ។ ក៏ប៉ុន្តែ បន្ទាប់ពី​ឡើងកាន់តំណែង​ភ្លាម​ លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តគ្រប់ច្រកល្ហក​ រួមទាំងតាម​ផ្លូវជាតិ​ផងដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​

ប៉ុន្តែ​ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពី​ប្រទេស​ជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពី
លោក​ នូ​ ស៊ីថា​ ឡើងកាន់តំណែងភ្លាម​តម្រូវឲ្យមាន​រាប់ក្បាលឡានបង់លុយ​ច្រើនៗ​ ដោយលើកហេតុផលថា​ដើម្បី​រកចំណូល​ចូលរដ្ឋ តែធាតុពិតកំពុងតែឆក់ឱកាសរកចំណូលដាក់ហោប៉ៅខ្លួនឯង ច្រើនជាងរកចំណូលចូលរដ្ឋ។

លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែចាប់ជម្រឹត គោះឈ្មួញ ប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថាជាជនពូកែសូកប៉ាន់ អែបអបថ្នាក់លើ ចាប់តាំងពីមន្ត្រីតូចតាច រហូតក្លាយជាប្រធានច្រកទ្វារ ប្រធានសាខា ប្រធាននាយកដ្ឋានគយចល័ត ពូកែឱប ដៃឱបជើងថ្នាក់លើសូកប៉ាន់ និងរហូតដល់ថ្នាក់លើចាត់ តាំងធ្វើ​ជា​ប្រធានសាខាគយ​ ប្រចាំ​ខេត្តបន្ទាយមានជ័យ ហើយក្រោយលេបថ្នាំពន្យាកំណើតរួចរាល់ឡើងកាន់ តំណែងប្រធាននាយកដ្ឋានគយចល័ត​ដោយស្រួល។

ក្រុមមន្ត្រីថ្នាក់ក្រោមនិងឈ្មួញបានរិះគន់ថា គ្រាន់តែបានចូលកាន់តំណែងភ្លាមលោក នូ ស៊ីថា បានចាត់តាំងមន្ត្រីឲ្យចុះប្រចាំការដាក់ប៉ុស្តិតាមគោលដៅចាំគាបចាប់ជម្រឹតក្រុមឈ្មួញឲ្យបង់លុយតាមតែទំនើងចិត្ត។

ប្រភពបានលើកឡើងទៀតថា កាលលោកនៅកាន់ជាតំណែងប្រធានសាខាគយខេត្តបន្ទាយមានជ័យ លោក នូ ស៊ីថា មាន​សមត្ថភាព​ជំនាញ​ខ្ពស់ក្នុង​ការប្រព្រឹត្ត​ អំពើពុករលួយ​
គ្រប់​រូបភាព​ក្នុងការឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននិងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុងកណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបូរមាត់គាត់តែទាំងអស់ ដោយគ្មានមន្ត្រីណាហ៊ានអារ កាត់ជំទាស់ជាមួយគាត់បានទេកន្លងមក ។​

ការខិតខំ​ប្រឹងប្រែង​លើការប្រមូលពន្ធចូលរដ្ឋវិញ និយាយជារួមគឺលោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផល ប្រយោជន៍​ជូន​ជាតិ​ឡើយ ធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ ទ្រព្យសម្បត្តហ៊ឺ​ហារ ដើម្បីទៅបង្អួតបង្ហាញសាច់ដុំថា ខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះ ។

ដូច្នេះគួរតែ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយនិង​រដ្ឋាករ មានវិធានការសើរើ​ការប្រកាស​តែងតាំង​ ប្រធាននាយកដ្ឋានគយចល័ត​ ឡើងវិញផង ដោយ​ហេតុថាខ្វះអ្វីមន្រ្តីមានគុណសម្បត្តិ នៅអគ្គនាយកដ្ឋាន និងបញ្ញវន្ត័ស្រកក្រោយស្អេកស្កះទុកឲ្យគេធ្វើការផង មិនគួរណាមកជ្រើសយកបុគ្គលពុករលួយ ឲ្យមកជិះជាន់កជាតិជាបន្តទៀតនោះទេ។