
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល ចុះពិនិត្យសេវាសុខាភិបាលសាធារណៈ នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល
(ខេត្តស្វាយរៀង)៖ នារសៀលថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូសុខាភិបាល បានអញ្ជើញចុះពិនិត្យសេវាសាធារណៈ និងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ខេត្តស្វាយរៀង។
ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិកាទទួលបន្ទុកគុណភាពសេវាថែទាំព្យាបាល ទំនាក់ទំនងសាធារណៈ ទំនាក់ទំនងអន្តរជាតិ អគ្គនាយកបច្ចេកទេស និងមន្ត្រីជំនាញគ្រប់ពហុឯកទេសពាក់ពន្ធ័ សង្គ្រោះបន្ទាន់ វះកាត់ សម្ភពរោគស្ត្រី ទារក កុមារ ជំងឺទូទៅ និងសុខភាពផ្លូវចិត្ត ,លោកលោកវេជ្ជបណ្ឌិត គុជ សុីថាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង,លោកអនុប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ព្រមទាំងសហការី,លោកហែម សុីណា អភិបាលស្រុករំដួល,សមាជិកក្រុមប្រឹក្សាស្រុក ។
មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ជាមន្ទីរពេទ្យបង្អែកកម្រិត១ (CPA1) ស្ថិតក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្វាយទាប ខេត្តស្វាយរៀង ដែលផ្តល់ជូនសេវាសាធារណៈផ្នែកជំងឺទូទៅ វះកាត់ សម្ភពរោគស្ត្រី ជំងឺមិនឆ្លងទឹកនោមផ្អែម លើសឈាម អេកូសាស្រ្ត និងសង្គ្រោះបន្ទាន់។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបាល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបំរើផ្តល់ជូនសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈ។
ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ពិសេសគឺពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ និងត្រូវបង្កើនសមត្ថភាពបន្ថែមទៀត តាមរយៈការបណ្តុះបណ្តាលលើកផ្នែកសង្រ្គោះបន្ទាន់ ផ្នែកវះកាត់ និងការកកត់ត្រា រក្សាទុកដាក់ឯកសារឱ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត និងផ្នែករូបភាពវេជ្ជសាស្រ្ត ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ។
សូមជម្រាបថា ក្នុងឳកាសចុះពិនិត្យមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានសួរសុខទុក្ខអ្នកជំងឺដែលមកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកផងដែរ៕