លោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង លោកយិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៦ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធាន អនុប្រធានមន្ទីរ និងមន្រ្តីរាជការនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។

លោក យិន សាវ៉េន អភិបាលរងខេត្ត បានថ្លែងថា ទិវាវប្បធម៌ជាតិជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ
រយៈពេល៤៥ឆ្នាំដែលរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាអតីនាយករដ្ឋមន្រ្តី និង រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់រៀបចំពិធីនេះជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់គុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើងដែលបានទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបានដល់
ចំកូនចៅជំនាន់ក្រោយ។

បន្ថែមពីនេះ ទិវាវប្បធម៌ជាតិ គឺជាយន្តការគន្លឹះដ៏សំខាន់ក្នុងជម្រុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង និងការបំផុសស្មារតីអោយស្រឡាញ់វប្បធម៌ និងមនសិកាជាតិដល់ប្រជាពលរដ្ឋ និងយុវជនដែលជាទំពាំងស្នងឫស្សី ដើម្បីចូលរួមការពារឱ្យបានគង់វង្សនូវសម្បត្តិ វប្បធម៌ជាតិ និង វប្បធម៌ចម្រុះនៃសហគមន៍ជនជាតិនៅព្រះរាជាណាចក្រកម្ពុជា ពោលគឺរក្សាបាននូវឯករាជ្យជាតិ សាមគ្គីភាព សន្តិភាព និង ការអភិវឌ្ឍ។

មិនត្រឹមប៉ុណ្ណោះសោត វប្បធម៌ជាតិគឺជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្កានុពល ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើតសេវាកម្ម និង ផលិតកម្មវប្បធម៌សម្រាប់គោល
បំណង ពាណិជ្ជកម្ម និង ទេសចរណ៍បង្កើនការចូលរួមក្នុងការសិក្សាស្រាវជ្រាវ ដើម្បីចងក្រងទុកឲ្យបានគង់វង្ស នូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌របស់ប្រទេសដែលមានក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្នុងន័យបង្កើនកាលានុវត្តិភាពដល់ប្រជាពលរដ្ឋទាំងអស់ឲ្យខិតខំបង្កើតស្នាដៃវប្បធម៌ថ្មីប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍន៍ សេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។

លោក យិន សាវ៉េន អភិបាលរងខេត្ត បានសំណូមពរ ដល់មន្ទីរ អង្គភាពជាស្ថាប័នមានសមត្ថកិច្ចទាំងអស់សូមសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដោយត្រូវយកចិត្តទុកដាក់ថែរក្សាការពារទួលបុរាណ ដែលមាននៅក្នុងខេត្ត ដូចជាប្រាសាទកំពង់ព្រះ ទួលបុរាណសំរោងសែន ទួលវត្តត្រឡែ ងកែង និងវត្តកំពង់ត្រឡាចក្រោមជាដើម ដែលសុទ្ធតែជាស្នាដៃរបស់បុព្វបុរស យើងតាំងពីសម័យបុរាណដែលយើងចាំបាច់ត្រូវតែរក្សាការពារឲ្យបានគង់វង្ស ដើម្បីទេសចរណ៍មកលេងកំសាន្តនិងស្វែងយល់អំពីវប្បធម៌របស់ជាតិ។
ក្នុងពិធីនោះ លោក យិន សាវ៉េន បាននាំយកថវិការបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឧបត្ថម្ភក្នុងកម្មវិធី ៥០ម៉ឺនរៀលផងដែរ៕