
អាជ្ញាធរពាក់ព័ន្ធបន្ដសកម្មភាពអន្តរាគមន៍បូមទឹកនិងកាយប្រឡាយជួយសង្គ្រោះស្រូវប្រជាពលរដ្ឋ
ចន្លោះពេលដែលស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅក្នុងបណ្ដាខេត្ដមួយចំនួនបាននិងកំពុងជួបបញ្ហាខ្វះខាតទឹក អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងអន្ដរាគមន៍ជួយបូបទឹកដើម្បីស្រោចស្រព។ ជាក់ស្ដែងកាលពីថ្ងៃទី១៦កុម្ភៈ មានការអន្ដរាគមន៍បូមទឹកចែកចាយនៅក្នុងខេត្ដចំនួន៨។ ពេញ ផេងរាយការណ៍៖
អាជ្ញាធរពាក់ព័ន្ធបាននិងកំពុងបន្ដសកម្មភាពអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំរបស់ប្រជាពលរដ្ឋ ជាក់ស្ដែងសម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរបានអន្ដរាគមន៍ទៅដល់ខេត្ដចំនួន៨។ នេះបើតាមការបញ្ជាក់ទៅលើទំព័រហ្វេសប៊ុកលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល។ ខេត្ដទាំង៨នោះមានដូចជា៖
១. ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ៣៦៦ហត (ដោយប្រើស្ថានីយបូមទឹក៤កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥សេះចំនួន៤គ្រឿង)
២. ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះ៦១ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត៦៥សេះចំនួន៦គ្រឿង និងអេស្កាវ៉ាទ័រចំនួន១គ្រឿង)
៣. ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះ១៣៨ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត៦៥សេះចំនួន១២គ្រឿង ម៉ាស៊ីនបូមទឹកចល័ត១២០សេះចំនួន៥គ្រឿង និងម៉ាស៊ីនបូមប្រជាពលរដ្ឋចំនួន៦គ្រឿង)
៤. ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះ២៣០ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត៦៥សេះចំនួន១៤គ្រឿង និងអេស្កាវ៉ាទ័រចំនួន១គ្រឿង)
៥. ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះ៧៨ហត (ដោយប្រើម៉ាស៊ីនបូមទឹក៦៥សេះចំនួន៣គ្រឿង និងកាយប្រឡាយនាំទឹកប្រវែង២០០ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រចំនួន២គ្រឿង)
៦. ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះ៣០ហត (ដោយប្រើម៉ាស៊ីនបូមទឹក៦៥សេះចំនួន១គ្រឿង)
៧. ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះ១៥ហត (ដោយប្រើម៉ាស៊ីនបូមទឹក៦៥សេះចំនួន៣គ្រឿង និងអេស្កាវ៉ាទ័រចំនួន១គ្រឿង)
៨. ខេត្តពោធិ៍សាត់៖ ផ្ទៃដីសង្គ្រោះ២០ហត (ដោយប្រើម៉ាស៊ីនបូមទឹកចល័ត៦៥សេះចំនួន១គ្រឿង)។
គួរជម្រាបថា បើតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំងប្រមាណ៥០ម៉ឺនហិកតា ប៉ុន្ដែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករ បានកើនឡើងលើសពីផែនការដែលបានគ្រោងទុក រហូតដល់ជិតប្រមាណ៨០ម៉ឺនហិចតា។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះ មួយចំនួនបានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀតកំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ។
ទាក់ទងទៅនឹងបញ្ហាកង្វះខាតទឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ ពោលគឺធ្វើអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន។ ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ បាននិងកំពុងអនុវត្តនូវបទបញ្ជានេះយ៉ាងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋមានជាអាទិ៍៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម៕(ដោយ៖ពេញ ផេង)