ឈ្មួញ​ប្រើ​ឧបករណ៍រ​បាំង​ស្បៃ​មុង​ព័ទ្ធជុំវិញ និង​កាប់​ព្រៃ​លិច​ទឹក​ដាក់​ធ្វើ​ជា​សម្រាស់​ចាប់​ត្រី​នៅ​ជាប់​ឡូតិ៍​អភិរក្ស​ពូជ​ត្រី ចំណុច​បឹង​ធំ ក្នុង​ឃុំ​ជលសា ស្រុក​ជល​គី​រី ខេត្ត​កំពង់ឆ្នាំង

(​កំពង់ឆ្នាំង​)៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២៤ អ្នកសារព័ត៌មាន​មួយក្រុម សហការ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​បាន​ចុះ​ទៅ​ថត​ផ្តិត​យក​រូបភាព​ទីតាំង​បទល្មើស​នេសាទ​១​កន្លែង នៅ​ចំណុច​បឹង​ធំ ស្ថិតក្នុង​ភូមិ​កំពុង​បា​ស្រូវ ឃុំ​ជលសា ស្រុក​ជល​គិរី ដើម្បី​រួមគ្នា​អនុវត្តតាម​គោលការណ៍​របស់​ឯកឧត្តម​អភិបាលខេត្ត ក្នុង​ការចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​នៃ​ការបំផ្លិចបំផ្លាញ​ធនធានធម្មជាតិ​ក្នុង​បឹង​ទន្លេសាប​ដូចជា​៖ បទល្មើស​នេសាទ បទល្មើស​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក និង​បទល្មើស​ការទន្ទ្រាន​យក​ដី​ព្រៃ​តំបន់​៣​របស់​រដ្ឋ ឱ្យមាន​ប្រសិទ្ធភាព ។​

​នៅ​ទីនោះ (​បឹង​ធំ​) បឹង​នេះ​ចែកជា​២ កំណាត់​ប៉ែក​ខា ង​លើ​ត្រូវបាន​កំណត់​ជា​តំបន់​អភិរក្ស និង​មួយ​កំណត់​ទៀត​ទុក​ឱ្យ​ព្រឹក​ជា​នេសាទ​អាច​រក​នេសាទ​ជា​លក្ខ ណៈ​គ្រួសារ​។ បឹង​នេះ​ផងដែរ ក្នុង​រដូវប្រាំង​មាន​ផ្ទៃ​ទឹក​សរុប​ប្រមាណ​ជា​៥០​ហិកតា​។ បើ​តាម​ការពិនិត្យ​ជាក់ស្ដែង​ដែល​ក្រុម​ការងារ​បាន​ចុះ​ទៅ​ថត​ផ្ដិត​យក​រូបភាព​នៅ​ទីតាំង​ខាងលើនេះ ឃើញ​មាន​គេ​យក​ស្បៃ​មុង​មក​ហ៊ុំ​ព័ទ្ធ​ជុំវិញ​បរិវេណ​ផ្ទៃ​ទឹក​មួយ​កន្លែង​ក្នុង​បឹង​នេះ ដែល​មាន​ទទឹ ង​ប្រមាណ​ជាង ១០០​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ ៣០០​ម៉ែត្រ ដោយ​ស្បៃ​ម៉ុង​របស់​គេ​ចង់​ជាប់​នឹង​បង្គោល​អភិរក្ស​ពូជ​ត្រី​នៅ​ចំណុច (​បឹង​ធំ​) នេះ​តែម្ដង​។ ដោយឡែក​នៅ​ផ្នែក​កណ្ដាល​ស្បៃ​មុង​នេះ​ក៏​មាន​ការកាប់​មែកឈើ​ព្រៃ​លិច​ទឹក​ដឹក​យក​មក​ធ្វើ​ជា​សម្រាស់​ដាក់​ពាសពេញ​ផ្ទៃ​ទឹក​ក្នុង​បរិវេណ​ស្បៃ​មុង​នោះ​សម្រាប់​ជា​ជម្រក​ត្រី​ផងដែរ​។​

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យដឹងថា រូបភាព​ខាងលើនេះ គឺ​គេ​ធ្វើ​ដើម្បី​ចាប់​ត្រី​នៅក្នុង​បឹង​នេះ ជាពិសេស​ការដាក់​សម្រា ស់​ជាប់​នឹង​ឡូ​អភិរក្ស​ពូជ​ត្រី​ដូច​ខាងលើ​នេះ​ត្រី​នៅ​ក្នុង​បឹង​អភិរក្ស​ជាប់​នៅ​ទី​នោះ​ភាគច្រើន​គឺ​វា​រត់​មក​ចូល​ជ្រក​ក្នុង​សម្រាស់​របស់​ពួកគេ​ដែល​ដាក់​នៅ​ក្បែរ​នោះ​ស្ទើរ​គ្មាន​សល់​នោះឡើយ​។ បើតាម​ពួកគាត់​បាន​ឱ្យដឹងថា កន្លែង​ខ្លះ​គេ​អាច​ដាក់​ចំណី​ដូចជា​ស្បែក​គោ ឬ​ចំណី​ត្រី​ផ្សេងៗ​ដើម្បី​ឱ្យ​ត្រី​ដែល​នៅ​ជុំវិញ​បរិវេណ​នោះ​ចូល​មក​ស៉ី​ហើយ​ជ្រក​នៅ​ក្នុង​សម្រាស់​នោះ​ផង​ដែរ​។​

​ប្រភព​ដដែល​បាន​បន្តថា បើ​តាម​គាត់​ដឹង​ឆ្នាំ​កន្លង​ទៅ​សម្រាស់​ដែល​មាន​ទំហំ​ធំ​ដាក់​នៅ​ទីតាំង​ខាងលើនេះ គេ​ប្រើ​កម្មករ​ពី​១០ ទៅ​២០​នាក់ ហើយ​ការ​រើ​សម្រាស់​មែកឈើ​ចេញ​ដើម្បី​យក​កន្លែង​ចាប់​ត្រី និង​ការចាប់​ត្រី​ទៀត​សោត ត្រូវ​ប្រើ​រយៈពេល​ពី​១៥ ទៅ​២០​ថ្ងៃ​ឯណោះ​។ ឯ​ឧបករណ៍​សម្រាប់​ចាប់​ត្រី​ក្នុង​ស៊ង​របស់គេ​នេះ​វិញ​កាលពី​ឆ្នាំមុនៗ គឺ​គេ​ប្រើ​ឧបករណ៍​សាច់​អួន​ក្រឡា​ញឹក​ដែល​មាន​មុខ​ពី​១៣ ទៅ​១៥​ម៉ែត្រ បំពាក់​ទៅ​ដោយ​ឧបករណ៍​ឆក់​ត្រជាក់​អូស​ដោយ​កម្លាំង​ម៉ាស៊ីន​ធ្វើ​សកម្មភាព​ចាប់​ត្រី​ដែល​សូម្បី​តែ​ត្រី​ឆ្លូញ​ដែល​នៅ​បាត់​ផុក​ក៏​ត្រូវ​ឡើង​មក​ទាំង​អស់​ដោយសារ​តែ​ឧបករណ៍​ឆក់​ត្រជាក់រ​បស់​ពួកគេ​។ នេះ​ជា​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន ដែល​គេ​ធ្លាប់​ធ្វើ​សកម្មភាព​កាលពី​ឆ្នាំមុនៗ​កន្លងទៅ​។​

​រី​ឯ​ប្រភេទ​ត្រី​ដែល​បានមក​ពី​ការហ៊ុំព័ទ្ធ​សម្រាស់​ខាងលើនេះ គឺ​ភាគច្រើន​ជា​ត្រី​ល្អៗ​ដូចជា​ត្រី​សណ្ដា​យ ត្រី​ក្រពាត់ ត្រី​ទ្រនេល ត្រី​ឆ្លាំង ត្រី​កេះ ត្រី​ឆ្លូញ​។​ល​។​ផល​ត្រី​ដែល​គេ​ប្រមូលបាន​មាន​ចំនួន​រហូត​ទៅ​ដល់​រាប់​តោន​ឯណោះ​។​

​ប្រភព​ខាងលើ​បាន​បញ្ជាក់​ឱ្យដឹង​ទៀត​ថា សម្រាស់​មួយកន្លែង​ដែល​មាន​ទំហំ​នេះ គឺ​ម្ចាស់​មានតែ​២ ទៅ​៣​នាក់​តែ​ប៉ុណ្ណោះ ប្រជាពលរដ្ឋ​ធម្មតា​មិន​មាន​លទ្ធភាព និង​មិន​អាច​ធ្វើបាន​នោះឡើ យ​។ ហេតុ​នេះ​ពួកគាត់​ស្នើសុំ​ឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត មេត្តា​ចាត់​វិធានការ​ឱ្យបាន​តឹងរឹង​បំផុត ចំពោះ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​នេសាទ​ខុសច្បាប់​ខាងលើនេះ ដើម្បី​ឱ្យ​រាងចាល​បើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​បន្ត​ធ្វើ​ជា​រៀងរាល់ឆ្នាំ​ជា​បន្តបន្ទាប់​ទៀត​។​

​រឿង​ដែល​ប្រជាពលរដ្ឋ​ឈឺឆ្អាល​បំផុត​នោះ គឺ​កំហុស​បទល្មើស​នេសាទ​ខាងលើនេះ​ទី​១៖ គឺ​ការដាក់​សម្រាស់​ចាប់​ត្រី​មាន​ទំហំ​ធំ​ដោយ​ខុសច្បាប់​, ទី​២៖ ហ៊ុំ​ព័ទ្ធ​ចាប់​ត្រី​ដោយ​ប្រើ​ឧបករណ៍​ស្បៃ​មុង​, ទី​៣៖ កាប់​មែកឈើ​ព្រៃ​លិច​ទឹក​យក​មក​ធ្វើ​ជា​សម្រាស់​ដាក់​ចាប់​ត្រី​ដែល​ខុសច្បាប់​, ទី​៤៖ ការដាក់​សម្រាស់​ជាប់​នឹង​ឡូតិ៍​អភិរក្ស​ពូជ​ត្រី និង​ទី​៥៖ ការចាប់​ត្រី​ដោយ​ប្រើ​ឧបករណ៍​អួន​ក្រឡា​ញឹក​មុខធំ​អូស​ដោយ​កម្លាំង​ម៉ាស៊ីន ប្រសិនបើ​មាន​បំពាក់​ឧបករណ៍​ឆក់​ត្រជាក់​ចាប់​ត្រី​ដូច​ឆ្នាំ​មុនៗ​ទៀត​នោះ​រឹតតែ​មាន​កំហុស​ធ្ងន់ធ្ងរ​ថែមទៀត​ផង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ការដាក់​សម្រាស់​ខ្នាត​ធំ​ចាប់​ត្រី​នៅ​ចំណុច​បឹង​ធំ​ខាងលើនេះ លោក នួន រិទ្ធី នាយរង​ផ្នែក​ស្ដីទី​កំពង់ប្រាសាទ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២៤​នេះ ឱ្យដឹងថា​ករណី​នេះ​លោក​ពុំបាន​ដឹង​នោះ​ទេ​ដោយសារតែ​លោក​ជាប់រវល់​ការងារ​ច្រើន​តែ​ករណី នេះ​លោក​នឹង​ចុះ​ទៅ​ពិនិត្យមើល​ជាក់ស្ដែង​។​

​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់ឆ្នាំង អោយដឹងថា ករណី​នេះ​លោក​បាន​ទទួល​សេចក្តីរាយការណ៍​ពី​ក្រុម​ការ ងារ​របស់​លោក​ដែរ ហើយ​លោក​ក៏​បាន​ចាត់​ឱ្យ​ផ្នែក និង​សង្កាត់​រដ្ឋបាល​ជលផល សហការ​ជាមួយ​សហគមន៍ ចុះ​ទៅ​ធ្វើ​កិច្ចការ​នេះហើយ តែ​សុំ​ឱ្យ​អ្នក​សារព័ ត៌មាន​ជួយ​តាម​មើល​ករណី​ខាងលើ​នេះ​ជា​បន្ត​ទៀត​ផង​។​

​ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ឆ្នាំង បានបញ្ជាក់​ថា បើ​កើតមាន​ករណី​ដូច​ខាងលើ​នេះ​ពិត​ប្រាកដ​មែន​នោះ​លោក​នឹង​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​កាប់​ស្បៃ​មុង​យកចេញ​ទាំងអស់ ដោយ​ទុក​សម្រាស់​នៅ​ទីតាំង​ដដែល​តែ​លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​ហ៊ុំ​ចាប់​ត្រី​ជា​ដាច់ខាត​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​លោក​នឹង​ធ្វើ​ការស្រាវជ្រាវ ដើម្បី​នាំយក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅតាម​នីតិវិធី​។​

​សូមបញ្ជាក់​ថា បើ​យោង​តាម​ច្បាប់​ស្ដីពី​ជលផល ក្នុង​មាត្រា​១០២ សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើឡើង​ដោយ​មន្ត្រី​អាជ្ញាធរ​ដែនដី​មន្ត្រីនគរបាល មន្ត្រី​នៃ​កងយោធពល​ខេមរភូមិន្ទ ឬ​មន្ត្រី​អាជ្ញាធរ​ផ្សេង​ទៀត ដើម្បី​ធ្វើ​អន្តរាគមន៍​ផ្ដល់​ការ​អនុញ្ញាត​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ជួយ​ដល់​អាជីវកម្ម​ជលផល​និង​ធ្វើ​សកម្មភាព​គ្រប់ បែប​យ៉ាង​ផ្ទុយ​នឹង​បទបញ្ញត្តិ នៃ​ច្បាប់​នេះ ឬ​ធ្វើ​ការគំរាមកំហែង​ដល់​មន្ត្រី​រដ្ឋបាល​ជលផល ឬ​រាំងស្ទះ​ដល់​ការបំពេញភារកិច្ច និង​កិច្ចប្រតិបត្តិការ​របស់​មន្ត្រីជលផល​ត្រូវ​ចាត់ទុក​ជា​បទល្មើស​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំ ទៅ​៣​ឆ្នាំ​និង​/​ឬ​ពិន័យ​ជា​ប្រាក់​ពី ៥,០០០,០០០​រៀល ទៅ ៥០,០០០,០០០)​រៀល​។​

​ចំពោះ​មាត្រា ១០៣ ក្នុង​ច្បាប់​ស្ដីពី​ជលផល បានបញ្ជាក់​ថា​ចំពោះ​សកម្មភាព​ដូ ច​ខាងក្រោម​ដែល​ប្រព្រឹត្ត​ឡើង​ដោយ​មន្ត្រី​រដ្ឋបាល​ជលផល ត្រូវ​ចាត់ទុក​ជា​បទ​ល្មើស​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពីមួយ​(១)​ឆ្នាំ​ទៅ​បី​(៣)​ឆ្នាំ​និង​/​ឬ​ពិន័យ​ជា​ប្រាក់​ពី ៥,០០០,០០០​រៀល ទៅ ៥០,០០០,០០០​រៀ​។ បើ​បាន​ប្រព្រឹត្ត​ដូច​ករណី​ខាងក្រោម​១៖ ផ្ដល់​ការអនុញ្ញាត​ណាមួយ​ដែល​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ​, ២៖ ចូលរួម​ទាំងស្រុង ឬ​ដោយ​ផ្នែក និង​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្នុង​សកម្មភាព​ណាមួយ​នៃ​អាជីវកម្ម​ជលផល​ដែល​ផ្ទុយ​នឹង​បទបញ្ញត្តិ​នៃ​ច្បាប់​នេះ​។ និង​មាត្រា​១០៤ ជន​ណា​ដែល​ប្រព្រឹត្ត​អំពើ​ក្លែងបន្លំ​គ្រប់​ប្រភេទ​ដែល​ទាក់ទង​នឹង​វិស័យ​ជលផល​ត្រូវ​ផ្ដន្ទាទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ​ជា​ធរមាន​៕