បុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តអង្គវង្សពិសី (ហៅវត្តបា្រក្រុង) ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង!

(ខេត្តស្វាយរៀង)÷ លោកឧកញ៉ា ច័ន្ទ ជា និងលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ទឹម សាគៀន និងលោក ហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនិងថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តអង្គវង្សពិសី (ហៅវត្តបាក្រុង) ស្ថិតនៅភូមិបាក្រុង ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង។

នាឱកាសនោះ លោកហែម សុីណា អភិបាលនៃគណៈអភិបាលស្រុករំដួល បានថ្លែងថា ពុទ្ធចក្រ និងអាណាចក្រមានការរីកចម្រើនព្រមៗគ្នា ខណៈដែលប្រទសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា វិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែក និងដើរតួនាទីយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំដល់ប្រជាពលរដ្ឋជាពុទ្ធបរិស័ទឱ្យបានយល់ដឹងនូវអំពើល្អ និងអំពើអាក្រក់ជៀសបានការប្រព្រឹត្តនូវអំពើអបាយមុខផ្សេងៗនៅក្នុងសង្គម និងបានចូលរួមអភិវឌ្ឍជាតិឱ្យមានការីកចម្រើន។

លោកហែម សុីណា អភិបាលស្រុករំដួល បានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំថែរក្សាការពារឱ្យបាននូវសុខសនិ្តភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងក្នុងផ្នែកអាណាចក្រ និងពុទ្ធចក្រ។

លោកអភិបាលស្រុក បន្តទៀតថា ជាក់ស្តែង សុខសន្តិភាពដែលប្រជាពលរដ្ឋទទួលបានមកដល់សព្វថ្ងៃនេះ ពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបាននោះទេ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាធិបតី ហ៊ុន ម៉ាណែត មានឆន្ទៈការប្តេជ្ញាចិត្តខ្ពស់ ថែរក្សាការពារបុព្វហេតុរួម គឺការកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសដោយនាំមកនូវអនាគត់ដ៏ត្រចះត្រចង់ជូនប្រជាពលរដ្ឋ៕