លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ការអភិវឌ្ឍន៍ប្រទេស គឺមានការរួមចំណែកពីវិស័យឯកជន

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឲ្យ លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា និងសមាជិកចូលជួបសំដែងការគួរសម ក្នុងឱកាសអបអរទិវាប្រារព្ធខួបលើកទី ១០៩ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០២០ នារសៀលថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានបង្ហាញអំពីវឌ្ឍនៈភាពរបស់សមាគមន៍បានកើតតាំងពីចុងឆ្នាំ ២០១១ ដែលចាប់បផ្តើមមានតែមនុស្ស ១៤នាក់តែប៉ុណ្ណោះ ។ ប៉ុន្តែរហូតមកដល់បច្ចុប្បន្នេះ គឺសមាជិកភាពបានកើនឡើង ជិត ៧០០នាក់ ដែលក្នុងនោះស្ត្រីទាំងអស់នោះសុទ្ធតែជាម្ចាស់អាជីវកម្ម ។ ការបង្កើតសមាគមនេះឡើង គឺដើម្បីប្រមូលផ្តុំស្ត្រីដែលជាម្ចាស់អាជីវកម្មទាំងអស់ងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្ម និងដោះស្រាយបញ្ហាប្រឈមរបស់អាជីវករ ។ ក្នុងនោះផងដែរ សមាគមន៍ក៏មានវគ្គបណ្តុះបណ្តាល ដូចជាកម្មវិធី បំពាក់បំប៉នឲ្យស្ត្រីបានចូលរួមរៀនវគ្គខ្លីៗ ដើម្បីយកចំណេះដឹងទាំងអស់ក្នុងការប្រកបអាជីវកម្ម ឲ្យបានដូរពីខ្នាតតូចទៅមធ្យម ឬពីលក្ខណៈគ្រួសារទៅលក្ខណៈស្តង់ដារបន្តិច ដើម្បីឲ្យផលិតផលបំពេញទៅតាមតម្រូវការទីផ្សារដែលគេចង់បាន ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានកើតសសើរដល់ លោកជំទាវ ទន្តបណ្ឌិត អេង លីគង់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងតួនាទីជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា ក្នុងការដឹកនាំ និងគ្រប់គ្រងរហូតទទួលបានលទ្ធផលបានយ៉ាងល្អប្រសើរគួរជាទីមោទនៈ ។

លោកជំទាវបានបន្តទៀតថា យើងទាំងអស់គ្នាអាចជួបជុំគ្នានៅពេលនេះបាន គឺដោយសារតែប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាក់ស្តែងបច្ចុប្បន្ននេះ វិស័យឯកជនក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាលយកចិត្តទុក្ខដាក់ ព្រមទាំងជម្រុញ និងលើកទឹកចិត្តក្នុងការលើកស្ទួយដល់វិស័យឯកជន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសបន្ថែមទៀត ។

លោកជំទាវក៏បានផ្តល់អានុសាសន៍ដល់សមាគមសហគ្រិនស្ត្រីកម្ពុជា មានដូចតទៅ ៖

១. សូមឲ្យសមាគមបន្តជួយដល់ស្ត្រីជាម្ចាស់អាជីវករ ជាពិសេស ជួយបណ្តុះបណ្តាលជំនាញ និងចែករំលែកនូវបទពិសោធន៍ថ្មីៗដែលទាក់ទងនឹងជោគជ័យក្នុងអាជីវកម្មបន្ថែមដល់ស្រ្តី ដើម្បីក្លាយជាស្ត្រីឆ្នើម ។

២. ធ្វើយ៉ាងណាឲ្យស្រ្តីក្នុងមុខរបអាជីវកម្មរបស់ខ្លួននីមួយៗ ត្រូវចេះវិវត្តន៍ខ្លួនពីអាជីវកម្មខ្នាតតូចទៅមធ្យម ឬពីលក្ខណៈគ្រួសារទៅលក្ខណៈស្តង់ដារ ដើម្បីបំពេញទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ន៕