ពិធីបិទព្រឹត្តិការណ៍កំពតសង្រ្កាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩

(ខេត្តកំពត)៖ នៅរសៀលថ្ងៃអង្គារ ១២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត និងលោកស្រី ព្រមទាំង លោក អ៉ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី បានអញ្ជើញជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍កំតសង្រ្កាន្ត អបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ គ.ស ២០១៩ នៅទីលានពហុកីឡដ្ឋានខេត្តកំពត អមដំណើរដោយលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ ប្រធានអង្គភាព មន្ត្រីរាជការចំណុះសាលាខេត្ត បងប្អូនប្រជាពលរដ្ឋ យុវជន សរុប ប្រមាណ២.០០០នាក់។

ក្នុងពិធីនោះ លោក ជាវ តាយ អភិបាលខេត្តកំពត ក៏បានឧបត្ថម្ភថវិកាសរុប ១៣.១២០.០០០រៀល ដល់កម្លាំងទាំងបី ដោយម្នាក់ទទួលបាន ២ម៉ឺនរៀល រួមមាន ស្នងការនរគបាលខេត្ត៥១២នាក់ តំបន់ប្រតិបត្តិការសឹករងខេត្ត៥០នាក់ និង កងរាជអាវុធហត្ថខេត្ត៩៤នាក់។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភ ភេសជ្ជ: ១២០កេះ ដល់បងប្អូនប្រជាពលរដ្ឋ យុវជន ដែលបានចូលរួមរាំលែងកំសាន្តសប្បាយ ក្នុងកម្មវិធីបិទកំពតសង្ក្រាន្តនេះផងដែរ។

ក្នុងឱកាសដ៏វិសេសវិសាលនេះដែរ លោក ជាវ តាយ អភិបាលខេត្តកំពត បានថ្លែងថា កំពតសង្រ្កាន្ត រយៈពេល៣ថ្ងៃនេះ មានប្រជាពលរដ្ឋក្នុងខេត្ត យុវជន យុវនារី ភ្ញៀវជាតិ អន្តរជាតិ បានចូលរួមទស្សនា និងកំសាន្តយ៉ាងច្រើនកុះករ នៅតាមរមណីដ្ឋាននានា ពិសេសចូលលេងកំសាន្តក្នុងកម្មវិធីដែលរដ្ឋបាលខេត្តបានរៀចំនៅតាមសួនមាត់ព្រែក នៅក្នុងពហុកីឡដ្ឋាន និងនៅតាមទីសាធារណៈនានានៃទីប្រជុំជនខេត្តកំពត ហើយពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំនេះ បានប្រព្រឹត្តទៅស្របពេលនឹងការចាប់ផ្តើមនៃឆ្នាំដំបូង ក្នុងដំណើរការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ដែលកម្ពុជាស្ថិតក្នុងស្ថានភាពសុខសន្តិភាពពេញបរិបូណ៍ ហើយសន្តិភាពដែលបានកើតមានឡើងដូចសព្វថ្ងៃនេះ គឺបានកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ បើប្រទេលគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍន៍ និងគ្មានការជួបជុំសប្បាយរីករាយដូចពេលនេះដែរ ដូច្នេះយើងទាំងអស់គ្នា សូមប្តេជ្ញានិងចូលរួមថែរក្សាការពារសន្តិភាពមួយនេះ ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

ជាចុងក្រោយ លោកអភិបាលខេត្ត បានបួងសួងដល់បារមីសក្កិសិទ្ធក្នុងលោក ពិសេសទេវតាឆ្នាំថ្មី ឆ្នាំកុរ ព្រះនាម ទុង្សៈទេវី សូមតាមជួយប្រោះព្រំពរជ័យសិរីសួស្តី និងសព្វសាធុការពរបវរមហាប្រសើរ ចំពោះ លោក លោកស្រី បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងមូល ភ្ញៀវជាតិ អន្តរជាតិទាំងអស់ សូមជួបប្រទះនូវសុខភាពល្អ សេចក្តីសុខគ្រប់ប្រការ សុភមង្គលគ្រប់ក្រុមគ្រួសារ និងទទួលបានជោគជ័យថ្មីៗមន្ថែមទៀត ក្នុងឆ្នាំថ្មីនេះ៕ សេង ណារិទ្ធ