រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​

ខេត្ត​កណ្តាល ៖​ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាល នៃ គណៈ​អភិបាលខេត្ត​កណ្តាល ស្នេី ឱ្យ មន្ត្រី​មូលដ្ឋាន ត្រូវ​យក​តួនាទី​របស់​ខ្លួន ប្រើ​ឱ្យ​ចំ​គោលដៅ ដេ​ី​ម្បី​ជា​ប្រយោជន៍ និង​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន​។

​ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ស្នេី បែបនេះ នា​រសៀល​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ក្រុង ចំនួន​១០២​រូប ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ អាជ្ញាធរ​ក្រុង សង្កាត់ និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​។​

​យោង​តាម​សេចក្តីសម្រេច លេខ​១៨៦​សសរ​/​គ​.​ជ​.​អ​.​ប របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) ក្នុង​ប្រការ​១ ត្រូវបាន​ធ្វើ​សមាហរណកម្ម បុគ្គលិក និង​រៀបចំ​មុខតំណែង​គ្រប់គ្រង នៅក្នុង​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ក្រុង​តាខ្មៅ ចំនួន​១០២​រូប រួម​មាន​ការិយាល័យ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​, អង្គភាព​លទ្ធកម្ម​, ការិយាល័យ​ផែនការ និង​គាំទ្រ​សង្កាត់​, ការិយាល័យ អប់រំ យុវជន និង កីឡា , ការិយាល័យ​ត្រួតពិនិត្យ​ផ្ទៃក្នុង​, ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល​, ការិយាល័យ​នីតិកម្ម និង​សម្រុះសម្រួល​វិវាទ​មូលដ្ឋាន​, ការិយាល័យ សាធារណៈការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និង​សណ្ដាប់ធ្នាប់ សាធារណៈ , ការិយាល័យ សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍ , ការិយាល័យ​សង្គមកិច្ច និង​សុខុមាភាព​សង្គម និង​ការិយាល័យ​ច្រកចេញចូល​តែ​មួយ​។​

​ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ បាន​បន្តថា ការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធ​ថ្មី នៃ​រដ្ឋបាល​ក្រុង​តាខ្មៅ នាពេលនេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ នៃ​ការកែទម្រង់​ប្រព័ន្ធ​គ្រប់គ្រង​រដ្ឋបាល​សាធារណៈ នៅ​ថ្នាក់ក្រោម​ជាតិ សំដៅ​ធានា​ដល់​ការផ្ទេរសិទ្ធិ ផ្ទេរអំណាច ផ្ទេរ​មុខងារ និង​ធនធាន ឱ្យ​ទៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែល​នៅ​កៀក​ជិត​ប្រជាពលរដ្ឋ ក្នុង​ការទទួលខុសត្រូវ ទាំង​ការងារ​គ្រប់គ្រង ចាត់ចែង និង​ការប្រើប្រាស់​សិទ្ធិអំណាច សម្រាប់​ការផ្តល់​សេវា និង​ការអភិវឌ្ឍន៍​មូលដ្ឋាន ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជា​ពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធិភាព តម្លាភាព គណនេយ្យភាព បរិយាប័​ន្ន និង​សមធម៌​សង្គម​។​

​ដើម្បី​សម្រេចបាន​ជោគជ័យ​នូវ​រាល់​កិច្ចការ​ទាំង​នោះ ឯកឧត្តម បណ្ឌិត អភិបាលខេត្ត ស្នេី ឱ្យ មន្ត្រី​ដែល​បាន​ប្រកាស​ចូល​កាន់​មុខតំណែង​ទាំងអស់ ចាំបាច់​ត្រូវ​ខិតខំ​ពង្រឹងស្មារតី​សាមគ្គី ឯកភាព​ផ្ទៃក្នុង ឱ្យបាន​ល្អ ដោយ​ឈរ​លើ​មូលដ្ឋាន នៃ​ការលើកកម្ពស់​ប្រសិទ្ធិភាព​ការងារ គោរព​ច្បាប់ គោរព​គោលការណ៍ ពង្រឹង​របៀបរបប​ធ្វើ​ការងារ​ភាពជា​ម្ចាស់ ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន សំដៅ​អភិវឌ្ឍន៍​មូលដ្ឋាន និង​ឆ្លើយតប​ចំពោះ​តម្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។ ពិសេស ខិតខំ បំរេ​ី និង ផ្ដល់ សេវា​សាធារណៈ​ជូន ប្រជាពលរដ្ឋ ប្រកបដោយ ប្រសិទ្ធភាព តម្លាភាព និង ទាន់ពេលវេលា ។ ជាងនេះទៀត ត្រូវ​បន្ត​ជំរុញ លើកទឹកចិត្ត​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ឲ្យចូល​រួម​អនុវត្ត​គោលនយោបាយ “​ភូមិ ឃុំ មាន​សុវត្ថិភាព​” ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន ពិសេស បទល្មើស​គ្រឿងញៀន​ខុសច្បាប់ ការជួញដូរ​មនុស្ស សកម្មភាព​លួច ឆក់ ប្លន់ និង​ល្បែងស៊ីសង​ខុសច្បាប់ នៅ ក្រុង មូលដ្ឋាន ក្រុង​តាខ្មៅ ។ ត្រូវ​ពង្រឹង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឲ្យបាន​ម៉ឺងម៉ាត់​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន ខុសច្បាប់​គ្រប់​ប្រភេទ​ក្នុង​ទូទាំង​ស្រុក ដោយ​ត្រូវ​ដាក់ចេញ​វិធានការ​ឲ្យបាន​ម៉ឺងម៉ាត់​ចំពោះ​ម្ចាស់ ទីតាំង សប្បាយ ភាព សណ្ឋាគារ ផ្ទះសំណាក់​នានា នៅ​ក្នុង​ការ ចូលរួម​បង្ការ ទប់ស្កាត់ ការប្រើប្រាស់ ការ​ជួញ ដូ រ ការ ចែកចាយ គ្រឿងញៀន​ខុសច្បាប់​គ្រប់​ប្រភេទ​។ បន្ត​លើកកម្ពស់​ការពង្រឹង​សណ្តាប់ធ្នាប់ សុវត្ថិភាព​សាធារណៈ ពិសេស​សុវត្ថិភាព​ចរាចរ ដោយ ត្រូវ ផ្តល់ អាទិភាព​លើ​ការផ្សព្វផ្សាយ​អប់រំ ការគោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដើរ​ទន្ទឹម​នឹង ការពង្រឹង វិធានការ រដ្ឋបាល និង​វិធានការ​ច្បាប់ ក្នុង​ការអនុវត្ត​ច្បាប់​ចរាចរ​ផ្លូវគោក ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ចរាចរ ណ៍ បន្ថែមទៀត​៕