​លោក​អភិបាលខេត្ត​កែប​៖ នៅពេល​ខាងមុខ​នេះ ខេត្ត​កែប​ត្រូវ​បង្កើត​ឲ្យមាន​មជ្ឈមណ្ឌ​ល​អប់រំ បន្សាប​គ្រឿងញៀន និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​

(​ខេត្ត​កែប​)៖ លោក កែ​ន សត្ថា បាន​ថ្លែងថា ក្នុង​ពេល​អនាគត​ខេត្ត​កែប នឹង​បង្កើត​ឲ្យមាន​មជ្ឈមណ្ឌ​ល​អប់រំ កែប្រែ សម្រាប់​បន្សាប​គ្រឿងញៀន និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​។​

​ការលើកឡើង​បែប​នេះ ខណៈ​លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផ្លូវ​លេខ ១៣៣៣ និង ១៣៣៥ ប្រវែង​៤.១០០​ម៉ែត្រ និង​បើក​ការដ្ឋាន​ជួសជុល​ផ្លូវ​លេខ​១៣៣៥ ប្រវែង ១.៦០០​ម៉ែត្រ ស្ថិតក្នុង​ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប នៅ​ព្រឹក​ថ្ងៃ​សុក្រ ១៤​កើត ខែ​ពិសាខ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៩​។​

​លោក​អភិបាលខេត្ត​បាន​បន្តថា ការបង្កើត​មជ្ឈមណ្ឌល​នេះ ក្នុង​គោលបំណង​ផ្សព្វផ្សាយ​អប់រំ​ដល់​យុវជន​ដែល​រងគ្រោះ​ដោយសារ​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​វា​ជា​ឃាតករ​ដ៏​សាហាវ​បំផុត​។​

​ជាមួយ​នេះ​លោក​បាននិងកំពុង​ជំរុញ​កែប្រែ​តំបន់ភ្នំ​វល្លិ៍​ឱ្យ​ក្លាយ​ជា​ទីប្រជុំជន​មួយ​មាន​ការអភិវឌ្ឍន៍ ពិសេស​ការស្ថាបនា​ដង​ផ្លូវ​ឱ្យបាន​ធំ​ទូលាយ​ទៅតាម​ស្តង់ដារ​បច្ចេកទេស​។​

​សូមជម្រាបថា បើ​តាម​របាយការណ៍រ​បស់ លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កែប បាន​ឲ្យដឹងថា​កំណាត់​ផ្លូវ​លេខ ១៣៣៣ និង ១៣៣៥ មាន​ប្រវែង​សរុប ២៨​គីឡូម៉ែត្រ បំបែក​ចេញពី​ផ្លូវ​ជាតិ​លេខ​៣៣ ត្រង់​គីឡូម៉ែត្រ​២១+២០០ និង​គីឡូម៉ែត្រ​២៧+៤៨០ ដោយ​ផ្លូវ​ទាំង​ពីរ​ខ្សែ​នេះ​មក​ប្រសព្វ​គ្នា​ត្រង់​រង្វង់​មូល​ចំការ​បី ឆ្ពោះទៅ​ភូមិ​ជ្រែង​ខាងត្បូង និង​ភូមិ​ត្រពាំង​ជ្រៃ ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​លោក ម៉ម ទូច បាន​បន្តទៀតថា ផ្លូវ​លេខ​១៣៣៣ និង​ផ្លូវ​លេខ​១៣៣៥ ខាងលើ​នេះ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​បំផុត​របស់​ខេត្ត​កែប ជាពិសេស​ចំណង​ត​ភ្ជាប់ សម្រាប់​ការ​លម្ហែ​កម្សាន្ត ពី​សំណាក់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ ពី​ទីប្រជុំជន​ក្រុងកែប ទៅ​តំបន់​អេកូ​ទេសចរណ៍​ភ្នំ​វ​ល្លិ៍ និង​ជា​តំបន់កសិឧស្សាហកម្ម​ដ៏​មាន​សក្តានុពល​ផង​ដែរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា ផ្លូវ​ដែល​មន្ត្រី​ជំនាញ​កំពុង​អនុវត្ត​ក្រាល​កៅស៊ូ DBST មាន​ប្រវែង ៤.១០០​ម៉ែត្រ ទទឹង​០៧​ម៉ែត្រ​(​ផ្លូវ​លេខ​១៣៣៣) និង​ផ្លូវ​លេខ​១៣៣៥ ព្រម​ទាំង​សំណង់​សិល្បការ្យ​មួយចំនួន​។​

​ដោយឡែក​សម្រាប់​ឆ្នាំ​២០១៩​នេះ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​សហការ​ជាមួយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួល​នូវ​គម្រោង​ជួសជុល​ផ្លូវ​ខេត្ត​លេខ​១៣៣៥​បន្ត ចាប់ពី​គ​.​ម​០១+៩០០ គ​.​ម ០៣+៥០០ ដោយ​ក្រាល​កៅស៊ូ​ប្រភេទ DBST ប្រវែង ១.៦០០​ម៉ែត្រ ទទឹង​០៧,៥​ម៉ែត្រ និង​សំណង់​សិលបការ្យ​មួយចំនួនទៀត​៕