
កិច្ចប្រជុំ ផ្សព្វផ្សាយផែនការសកម្មភាព ការរឹតបន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០
ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្ដម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយផែនការសកម្មភាព ការរឹតបន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការទី២ នៃគ.ស.ច.គ។
ផែនការសកម្មភាព ការរឹតបន្តឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ មានគោលបំណងសំខាន់គឺ៖
១.បង្កើនប្រសិទ្ធិភាពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក
២.កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជនរងគ្រោះ
៣.ធានាការរៀបរយសណ្ដាប់ធ្នាប់សាធារណៈដើម្បីលើកកំពស់កិត្យានុភាពសេចក្ដីថ្លៃថ្នូរបស់ប្រទេសកម្ពុជា។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានស្នើដល់ភាពពាក់ព័ន្ធ និងអនុគណៈកម្មការផ្លូវគោក រាជធានី ខេត្ត បន្តធ្វើការផ្សព្វផ្សាយបន្តដល់មូលដ្ឋានរាជធានី ខេត្តរបស់ខ្លួន សំដៅអនុវត្តផែនការនេះឲ្យមានប្រសិទ្ធភាព។
គួររំលឹកផងដែរថា នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្តិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៩ និងលើកទិសដៅឆ្នាំ២០២០ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសជាឱឡារិកថា នៅក្នុងឆ្នាំ២០២០នេះគឺជាឆ្នាំរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
សូមបញ្ចាក់ផងដែរថា តាមរបាយការណ៍ស្ដីពីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅឆ្នាំ២០១៩ មានចំនួន៤.១២១លើក បានកើនឡើងជាងឆ្នាំ២០១៨ ចំនួន៨៥៤ លើក ស្មើនឹង ២៦% ចំនួនអ្នកស្លាប់សរុប ១.៩៨១ នាក់ បានកើនឡើង ២២០ នាក់ ស្មើនឹង ១២% ហើយចំនួនអ្នករបួសសរុប ៦.១៤១នាក់ មានការកើនឡើង១.៣៧១នាក់ ស្មើនឹង២៩%។