តំណាង​ក្រុមហ៊ុន​ជប៉ុន​ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ឆ្លាត​វ៉ៃ​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​សំខាន់ៗ​មួយចំនួន​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង​

នា​ព្រឹក​ថ្ងៃ​ពុធ ៥​កើត ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០២០​នេះ នៅ​សាលប្រជុំ VIP សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បានអនុញ្ញាត​ឲ្យ​តំណាង​ក្រុមហ៊ុន​ជប៉ុន មីនេ​បៀមី​ត​ស្ស៊ុ​មិ​ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ​ឆ្លាត​វ៉ៃ​ប្រភេទ LED និង​សហការី ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​សំខាន់ៗ​មួយចំនួន​ពាក់ព័ន្ធ​នឹង​គម្រោង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ​។​

​ក្នុងឱកាស​នោះ តំណាង​ក្រុមហ៊ុន បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ឯកឧត្ដម​អភិបាលខេត្ត ដែល​បាន​អនុញ្ញាតឲ្យ​លោក និង​សហការី ចូលជួប​សម្ដែង​ការគួរសម ព្រមទាំង​បាន​ជម្រាប​ជូន​ពី​គម្រោង​ដែល​ក្រុមហ៊ុន​គ្រោង​នឹង​ធ្វើ​ការវិនិយោគ​លើ​វិស័យ​ផ្គត់ផ្គង់​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ឆ្លាត​វ៉ៃ​នៅលើ​ទឹកដី ខេត្ត​ស្វាយរៀង​។

​មានប្រសាសន៍​ក្នុង​ជំនួប​នេះ ឯកឧត្ដម​អភិបាលខេត្ត បាន​ជម្រាបជូន​អំពី​ស្ថានភាព​ទូទៅ និង​សក្ដានុពល​សំខាន់ៗ​របស់​ខេត្ត​ស្វាយរៀង ព្រមទាំង​បាន​សម្ដែង​នូវ​ការ​អរគុណ​ចំពោះ​ក្រុមហ៊ុន​ជប៉ុន​ដែល​មាន​បំណង​ធ្វើ​ការវិនិយោគ​ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ​ក្នុង​ខេត្ត​ស្វាយរៀង​នៅពេលនេះ ដែល​ចូលរួម​ចំណែក​កាត់បន្ថយ​ទៅលើ​ការចំណាយ​ថាមពល​អគ្គិសនី និង​ឧស្ម័ន​ការ​បូ​និច ជាពិសេស​ចូលរួម​ចំណែក​លើ​ការ​កម្ពស់​សោភ័ណ្ឌភាព​នៅក្នុង​ខេត្ត​ស្រប​ទៅតាម​សម័យកាលប​ច្ចុ​ប្បន្ន​។​

​ទន្ទឹមនេះ ឯកឧត្តម​អភិបាលខេត្ត​បានបញ្ជាក់​ថា ក្នុង​នាម​រដ្ឋបាល​ខេត្ត​ស្វាយរៀង សូម​គាំទ្រ​នឹង​សហការ​ផ្តល់​ឪ​កាស​អោយ​ក្រុមហ៊ុន​សិក្សា​ទៅ​លើ​តាំង​ភូមិសាស្ត្រ​ក្នុង​ក្រុង​ស្វាយរៀង និង​ក្រុង​បាវិត​ដើម្បី​ផ្លាស់ប្តូរ និង​បំពាក់​ភ្លើង​បំភ្លឺ​ផ្លូវ​ឆ្លាត​វ៉ៃ​នាពេល​ខាងមុខ​នេះ​។​