
សមិទ្ធផលថ្មី នៃអគារពហុបំណង សម្រាប់បម្រើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នឹងត្រៀមដាក់សម្ពោធ នាពេលឆាប់ៗខាងមុខនេះ !
(ខេត្ដកំពង់ចាម)៖សមិទ្ធផលថ្មី នៃអគារពហុបំណង សម្រាប់បម្រើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម នឹងត្រូវដាក់សម្ពោធឲ្យប្រើប្រាស់ នៅថ្ងៃទី៣១ ខែមករា ខាងមុខនេះ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់អគារ ខាងលើ ដែលមានទីតាំង ស្ថិតនៅភូមិ តាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ ។ ពិធីនោះ ក៏មានការអញ្ជើញអមដំណើរ ពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងសមាជិក ស.ស.យ.ក ខេត្ត ជាច្រើនរូបទៀត ផងដែរ ។
សូមបញ្ជាក់ផងដែរថា អគារអគារពហុបំណងសម្រាប់បម្រើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម ត្រូវបានផ្តួចផ្តើមកសាង ដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ។ អគារនេះ មានទំហំ ១៣ម៉ែត្រ គុណនឹង ២០ម៉ែត្រ សង់ពីថ្ម មានកម្ពស់ ១ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ទី ១ មានដំបូលប្លង់សេ ឥដ្ឋកន្សែង ក្រាលដោយកៅស៊ូ ការពារជម្រៀបទឹក ។ សំណង់នេះ បានសាងសង់ នៅលើដីកម្មសិទ្ធិរបស់ សសយក ខេត្តកំពង់ចាម ដែលមានទំហំប្រមាណជា ៤.២០៧ម៉ែត្រការ៉េ ។
តាមការឲ្យដឹងលម្អិត ពីមន្ត្រីបច្ចេកទេសប្លង់ នៃអគារពហុបំណងនេះ គឺមានបន្ទប់ ចំនួន ៤ សម្រាប់បម្រើនូវសេចក្តីត្រូវការរបស់យុវជន និងប្រជាជនទូទៅ ដោយបានបែងចែកចេញជា ៖ ១.សាលប្រជុំភ្នំប្រុស ដែលអាចអនុញ្ញាតឲ្យមនុស្ស ចំនួន ៣៣នាក់ ជាអតិបរមាចូលរួម និងប្រើប្រាស់ ។ ២.ការិយាល័យលេខាធិការដ្ឋាន គឺជាទីកន្លែងប្រតិបត្តិការការងាររដ្ឋបាលទូទៅ និងកិច្ចការសម្របសម្រួលនានា ពាក់ព័ន្ធសេវា សសយក ខេត្តកំពង់ចាម ។ ៣.សាលប្រជុំភ្នំស្រី អាចអនុញ្ញាតអោយមនុស្សចំនួន ២០០នាក់ ជាអតិបរមាចូលរួម និងប្រើប្រាស់ ។ និង៤.បណ្ណាល័យ ត្រូវបានបំពាក់នូវសេវាបណ្ណាល័យគ្រប់ប្រភេទ រួមមាន ៖ ការអានសៀវភៅ ការអាន សិក្សាស្រាវជ្រាវតាមបែបឌីជីថល និងការកម្សាន្ត ។
គួរកត់សម្គាល់ដែរថា មកដល់បច្ចុប្បន្ន ក្រុមការងារបច្ចេកទេស កំពុងយកចិត្តទុកដាក់អនុវត្តគម្រោង ខាងលើនេះ យ៉ាងមមាញឹក និងការយកចិត្តទុកដាក់បំផុត ដើម្បី បំពេញបន្ថែមទៅលើកិច្ចការ ដែលនៅសេសសល់ នៃសំណង់ទាំងមូល ក៏ដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ក្នុងគោលបំណងធ្វើយ៉ាងណា ដើម្បី ឲ្យរួចរាល់ទៅតាមពេលកំណត់ និងត្រៀមដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ៕