ក្រុមកីឡាករ កីឡាការនីជាតិ អន្តរជាតិចំនួន ០៦ប្រទេស ចូលរួមប្រណាំងរថយន្ត សន្តិភាព នៅខេត្តមណ្ឌលគិរី ឆ្នាំ២០២៣

មណ្ឌលគិរី៖ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road ខ្នាតអន្តរជាតិ នៅខេត្តមណ្ឌលគិរី  ក្លឹបរថយន្ត Off-road គោព្រៃមណ្ឌលគិរី សហការជាមួយ ១២ម៉ូទ័រផាក (12MotorPark) រួមទាំងរដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-road មួយដែលមានឈ្មោះថា “12 Motor Park Off road Challenge 2023” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ នៅទីលានប្រណាំងរថយន្ត 12MotorPark ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ក្នុងព្រឹត្តិការណ៍បើកនោះដែរ មានការអញ្ជើញជាអធិបតីភាពលោក ឡេង ទន់ សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី លោក ងិន សុវិមាន អភិបាលរងខេត្ត រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក យុវជន ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្រុមកីឡាករ កីឡាការនីជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋចូលរួមទស្សនាយ៉ាងច្រើនកុះករ។
លោក ងិន សុវិមាន អភិបាលរងខេត្ត មានប្រសាសន៍ថា ប្រកួតប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ២០២៣” នាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ និងបានជួយផ្សព្វផ្សាយបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅក្នុង និងក្រៅប្រទេស ក្នុងគោលបំណងដើម្បីឱ្យមានការជួបជុំក្រុមកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ជាកន្លែងកំសាន្ត សម្រាប់អ្នកចូលចិត្តវិស័យយានយន្តគ្រប់ប្រភេទ ជាកន្លែងហាត់រៀនការប្រណាំងយានយន្តគ្រប់ប្រភេទ ជាទីតាំងទីលានប្រកួតកីឡា ស្ថិតនៅភូមិសាស្រ្តកណ្ដាលនៃតំបន់អាស៊ី ជាកន្លែង ប្រមូលផ្តុំអ្នកបច្ចេកទេសវិស្វករគ្រឿងម៉ាស៊ីន និងបង្កើនលទ្ធភាពកែច្នៃនៅកម្ពុជា ស្របតាមបទដ្ឋានអន្តរជាតិ ជាពិសេស ជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ សម្រាប់ខេត្តមណ្ឌលគិរី តាមរយៈ ការប្រកួតកីឡាយានយន្ដសន្តិភាពនេះ។ លោក អភិបាលរងខេត្ត ក៏បានសំដែងនូវការអបអរសាទរ កោតសសើរ និងវាយតម្លៃខ្ពស់ចំពោះក្លឹបរថយន្តគោព្រៃខេត្តមណ្ឌលគិរី និងក្រុមការងារ ១២ ម៉ូទ័រផាក (12 Motor Park) ក្នុងការរៀបចំឱ្យមាននូវការប្រកួតកីឡាខ្នាតអន្តរជាតិនេះ ឡើង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា យុវជន លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស ក្រុមកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ និងក្រុមអ្នកគាំទ្រទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមារញឹក និងមានតម្លៃនៅក្នុងកិច្ចការងារ អញ្ជើញចូលរួមក្នុង កម្មវិធីប្រកួតកីឡានាពេលនេះ។លោក ទូច រស្មី អនុប្រធានក្លឹបរថយន្តគោព្រៃមណ្ឌលគិរី បានឲ្យដឹងថា ការប្រណាំងយានយន្ត សន្តិភាព ខេត្តមណ្ឌលគិរី ២០២៣ ត្រូវបានធ្វើឡើងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិចំនួន ៦ប្រទេស ចូលរួមប្រកួតរួមមាន៖ ប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម បារាំង និងកូរ៉េ។ លោក បញ្ជាក់ថា ការប្រណាំងយានយន្តសន្តិភាពនេះ វិញ្ញាសារ ប្រកួតមានចំនួន ៣ប្រភេទផ្សេងៗគ្នារួមមាន ១. កីឡាប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Off Road មានចំនួន ៣ក្រុម មានរថយន្តសរុបចំនួន ៦៧គ្រឿង។ ២. កីឡាប្រណាំងរថយន្ត Off Road Rally មានរថយន្តប្រទេសកម្ពុជាចំនួន ២០គ្រឿង និង៣. កីឡាប្រណាំងម៉ូតូចំនួន ៥ក្រុម មានម៉ូតូសរុប ១២១គ្រឿងផងដែរ៕ដោយវណ្ណា