ល្បែងស៊ីសងខុសច្បាប់ ខ្នាតកាស៊ីណូ បើកលេងក្នុងផ្សារបឹងត្របែកផ្លាអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធមិនបង្ក្រាប!

ភ្នំពេញ៖ ល្បែង​ស៊ីសង​ខុសច្បាប់ ខ្នាតកាស៊ីណូ កំពុងបើកលេងយ៉ាងគឃ្លើន​ក្នុងផ្សារបឹងត្របែកផ្លាហ្សាជាន់ទី៤ ទីតាំងនេះស្ថិតនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលហ៊ានផ្គើន​បទបញ្ជា​សម្ដេច​តេជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី នឹងហ៊ានផ្គើនស្មារតីអង្គប្រជុំរបស់គណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ។

គេបានឱ្យដឹងថាទីតាំងបើកលេងល្បែងស៊ីសង ខុសច្បាប់ ខ្នាតកាស៊ីណូនេះ មានជនជាតិចិនជាថៅកែ ហើយគេសង្ស័យថា មានអ្នកធំ ឬក៏មានអ្នកមានអំណាចនៅពីក្រោយខ្នង ទើបទីតាំងនេះអាចដំណើរការបាន? ព្រោះមិនឃើញអាជ្ញាធរមូលដ្ឋាន ក៌ដូចសមត្ថកិច្ចពាក់ព័ន្ធចុះទៅបង្ក្រាបទីតាំងនោះឡើយ? គេឃើញតែអ្នកញៀនល្បែងចូលទៅលេងយ៉ាងពពាក់ពពូន។

សូមបញ្ជាក់ថា តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន កាល​ពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងមកនេះ គឺសម្តេចតេជោ បានដាក់បញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក៌ដូចអាជ្ញាធរមូលដ្ឋាន ត្រូវ​បង្ក្រាបឱ្យអស់នូវល្បែងសងខុសច្បាប់គ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនជាមួយនិងព្រមានដកដំណែងថែមទៀតផង។ ដូចនេះប្រជាពលរដ្ឋរង់ចាំមើលថា តើទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ខ្នាតកាស៊ីណូនេះ នឹងទៅជាយ៉ាងណា? តើសមត្ថកិច្ចពាក់ព័ន្ធក៌ដូចអាជ្ញាធរមូលដ្ឋានហ៊ានប្រឆាំងនិងបទបញ្ជាសម្តេចតេជោ ហ៊ុន សែននិងបទបញ្ជារបស់ស្មារតីអង្គប្រជុំដែរឫទេ?

យ៉ាងណាមិញបងប្អូនប្រជាពលរដ្ឋសង្ឃឹមជឿរជាក់ថា ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាទៅឱ្យអភិបាលរាជធានី/ខេត្តបង្ក្រាបទាំងអស់រាល់ល្បែងសុីសងគ្រប់ប្រភេទបើនៅតែមានកន្លែងណាលួចលេងទៀតអាជ្ញាធរមានសមត្ថកិច្ចត្រូវតែធ្វើការបង្រ្កាបឱ្យខានតែបាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនិងដើម្បីអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុចដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ជូនដល់មន្ត្រីមូលដ្ឋានគ្រប់លំដាប់ថ្នាក់ តែបើមិនបង្ក្រាបទេនៅតែបណ្ដោយឱ្យកើតមានតទៅទៀតអាជ្ញាធរមូលដ្ឋាននៅកន្លែងនោះត្រូវតែទទួលខុសត្រូវ៕