បានទទួលព័ត៌មានទាក់ទងនឹងការភ្នាល់ស៊ីសងល្បែងអនឡាញក្នុងភូមិសាស្រ្តស្រុកស្វាយជ្រំ

ថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣

អនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត អនុប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តស្វាយរៀង ទទួលបន្ទុកស្រុកស្វាយជ្រំ តំណាងឯកឧត្ដមអភិបាលខេត្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្វាយជ្រំ ចុះធ្វើរដ្ឋបាលទៅលើទីតាំងមួយកន្លែងដែលជួលសម្រាប់ដាក់ម៉ាស៊ីនកុំព្យូទ័រភ្នាល់ស៊ីសងល្បែងអនឡាញ(មាន់ជល់) ដែលលួចលាក់បើកលេងខុសច្បាប់គ្មានការអនុញ្ញាតិត្រឹមត្រូវនិងគ្មានអាជ្ញាប័ណ្ណ នៅក្នុងភូមិសង្កែ ឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

បន្ទាប់បានពីចុះធ្វើរដ្ឋបាលរួចមកដកហូតបានវត្ថុតាងមួយចំនួន រួមមាន កុំព្យូទ័រ Laptop ១គ្រឿង ដុំTP-Link ១ ប័ណ្ណសម្រាប់ចាក់ភ្នាល់។ ក្រោយបានសាកសួរព័ត៌មាន និងប្រមូលបានវត្ថុតាងរួចមក ក្រុមការងារនិងកសាងសំណុំរឿងបញ្ជូនទៅព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវីធីបន្ត។