ខេត្តកណ្ដាល​រៀបចំ កិច្ចប្រជុំ​បូក​សរុប​ស​កម្ម​ភាព និង​លទ្ធផល​ការងា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំ ២០១៩ និង​ទិសដៅ​បន្ត​ឆ្នាំ ២០២០

អាជ្ញាធរ​ក្រុង​-​ស្រុក មន្ទីរ​ពាក់ព័ន្ធ និង​កងកម្លាំង​ទាំង​៣ គឺ​មាន​តួនាទី​សំខាន់​ណាស់ ក្នុងការ​ក្តាប់​ឲ្យបាន​នូវ​រាល់​សភាពការណ៍ ពាក់ព័ន្ធ​និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ និង​អំពើ​ជួញដូរ​មនុស្ស ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​ត្រូវ​ពង្រឹង​លើ​ធ្វើ​ការទំនាក់ទំនង និង​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក និង​ធ្វើ​របាយការណ៍​បញ្ជូនមក​ខេត្ត​ឲ្យទាន់​សភាពការណ៍ ដើម្បី​ចាត់​វិធានការ​ដោះស្រាយ ជួយ​ជនរងគ្រោះ​បាន​ទាន់ពេលវេលា និង​ចាប់​ជនល្មើស​ឲ្យបាន​ដើម្បី​ដាក់ទោស​តាម​ច្បាប់​ជា​បន្តបន្ទាប់ ។​

​នេះ​ការលើកឡើង​របស់ លោកជំទាវ ហ៊ុន កុស​នី អភិបាលរង​ខេត្ត និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​(​គ​.​ខ​.​ប​.​ជ​) ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ឆ្នាំ ២០២០ របស់​គណៈកម្មាធិការ​ខេត្ត​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែល​បាន​ធ្វើឡើង​នៅ​សាលាខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃទី ៩ ខែ​មករា ឆ្នាំ ២០២០​។​

​លោកជំទាវ បញ្ជាក់ថា សម្រាប់​ទិសដៅ​ឆ្នាំ ២០២០​នេះ ក្រៅពី​ត្រៀម​រៀបចំ កិច្ចប្រជុំ​ប្រចាំត្រីមាស ឆមាស និង​ប្រចាំឆ្នាំ គណៈកម្មការ​ខេត្ត​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ត្រៀម​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ​ឲ្យបាន ១១​លើក មានន័យ​ថា​ធ្វើ​មួយ​លើក​ក្នុង​មួយ​ក្រុង​-​ស្រ​ក គ្រប់​១១​ក្រុង​-​ស្រុក​ក្នុង​ខេត្ត ច្រើន​ជាង​ឆ្នាំ​មុន​ធ្វើបាន​តែ ៨ លើក​តែ​ប៉ុណ្ណោះ​។​

​លោកជំទាវ​បាន​បន្តថា ក្រុម​ការងារ​ទាំងអស់​ត្រូវ ត្រូវ​ខិតខំ​អនុវត្ត​តួនាទី និង​ភារកិច្ច​របស់​ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ត្រូវ​គ្រប់គ្រង​ឲ្យបាន​នូវ​រាល់​ការធ្វើចំណាក​ស្រុក​ដោយ​ខុសច្បាប់ ជាពិសេស​មន្ទីរ​ការងា​រ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ត្រូវ​ពង្រឹង​ក្នុង​ការចុះ​ធ្វើ​អធិការកិច្ច​លើ​ពលករ​នៅ​តាម​ឡឥដ្ឋ និង​សិប្បកម្ម​នានា​ក្នុង​ខេត្ត ។ មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ​ពាក់ព័ន្ធ ពង្រឹង​លើ​ការងារ​ស្ដារនីតិសម្បទា និង​ត្រូវ​ចុះ​សាកសួរ​សុខទុក្ខ​ពួកគាត់ ពេល​ធ្វើ​សមាហរណកម្ម​ជនរងគ្រោះ​ទៅ​ក្រុម​គ្រួសារ​វិញ​។ មន្ទីរអប់រំ យុវជន​និង កីឡា​ត្រូវ​បន្ត​បញ្ជ្រាប​ការយល់ដឹង​អំពី​ច្បាប់​ស្ដីពី​ការជួញដូរ​មនុស្ស​អាជីវ​កម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ និង​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់​នៅ​តាម​សាលារៀន ដល់​សិស្សានុសិស្ស​បាន​ផុលផុស​។

​លោកជំទាវ​ក៏បាន​ជំរុញ​ឲ្យ មន្ទីរ​ព័ត៌មាន ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​អត្ថបទ​អប់រំ​ស្ដីពី ការជួញដូរ​មនុស្ស​កា​រ​ធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​ដើម្បី​ឲ្យ​ប្រជាជន​បាន​យល់ដឹង​កាន់តែ​ច្រើនឡើង​អំពី​បញ្ហា​នេះ​។ មន្ទីរ​កសិកម្ម​ក៍​ត្រូវ​ជូន​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ស្រទាប់​កសិករ​តាមរយៈ​ការបង្រៀន​បច្ចេកទេស​កសិកម្ម​នានា ហើយ​ហើយ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ក៏​ត្រូវតែ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​តាមរយៈ​ការសម្ដែង​សិល្បៈ​នានា​ផងដែរ​។​

​សូមបញ្ជាក់​ថា យោងតាម​របាយការណ៍​លទ្ធផល​ការងា​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រចាំឆ្នាំ ២០១៩ ក្រុមការងារ​ថ្នាក់ក្រុង​-​ស្រុក​បាន​ប្រជុំ​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ការបង្ក្រាប​អំពើ​ជួញដូរ​មនុស្ស អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ការធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព ការធ្វើ​ចំណាកស្រុក​ខុសច្បាប់ ច្បាប់​ទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជនរងគ្រោះ​បាន​សរុប​ចំនួន ៣២៤៧​លើក​៕