រដ្ឋបាលក្រុងបាវិត ប្រារព្ធពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣)”

(ខេត្តស្វាយរៀង): លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមរាជរដ្ឋាភិបាលចុះជួយក្រុងបាវិត និងលោក ជ័យ សុនអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង នាព្រឹកថ្ងៃសៅរ៍​ ទី០៧​ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤​ នៃ“ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩–០៧ មករា ២០២៣)” នៅបរិវេណសាលាក្រុងបាវិ ខេត្តស្វាយរៀង។

អញ្ជើញចូលរួមក្នុងពិធីនេះមានលោក ហូ វុទ្ធី អនុប្រធានក្រុមការងារចុះជួយក្រុងបាវិត លោក លឹម សៀង ហេងអភិបាលក្រុង លោកប្រធានក្រុមប្រឹក្សាក្រុង លោក លោកស្រីជាសមាជិកក្រុមប្រឹក្សាក្រុង អស់លោក លោកស្រីជាអភិបាលរងក្រុង លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាក្រុង លោកវរៈសេនីយិ៍មេបញ្ជាការ អធិការកងកម្លាំងទាំងបី លោកប្រធាន អនុប្រធាន–អង្គភាពនានាជុំវិញសាលាក្រុង លោកនាយក​ នាយករងការិយាល័យ/អង្គភាព និងមន្ត្រីរាជការសាលាក្រុង លោកចៅសង្កាត់ទាំង៥ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សាស្ត្រា​ចារ្យ សិស្ស និស្សិតយុវជន ស.ស.យ.ក.ក្រុង យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និវត្តន៍ជន និងបងប្អូនប្រជាជាពលរដ្ឋយ៉ាងច្រើនកុះករ ។

បន្ទាប់ពីលោក លឹម សៀងហេង អភិបាលក្រុងបាវិត អាននូវសន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួចមក លោកទេសរដ្ឋមន្ត្រី លី ធុជ បានមានប្រសាសន៍បញ្ជាក់នូវ អត្ថន័យដ៏ជ្រាលជ្រៅនៃកម្លាំងមហាសាមគ្គីជាតិក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្ដេចអគ្គមហាសេនាបតីបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជាទាំងមូល ត្រូវបានរំដោះឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ប្រល័យពូជសាសន៍ពួក ប៉ុល ពត ដ៏សាហាវយង់ឃ្នង និងបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូរ វឌ្ឍនភាពសង្គម នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ដោយឡែកខេត្តស្វាយរៀងត្រូវបានរំដោះនៅថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជនកម្ពុជាទូទាំងប្រទេសចាត់ទុកជាថ្ងៃកំណើតលើកទី២ និងចងចាំជានិច្ចមិនអាចបំភ្លេចបានជារៀងដ៏រាប ។

ការចូលរួមប្រារព្ធពិធីដ៏មានសារៈសំខាន់នៅថ្ងៃ​ គឺបានបញ្ជាក់ឲ្យឃេីញថា ៤៤ឆ្នាំកន្លងផុតទៅក៏ពិតមែន កម្ពុជាបានរំដោះចេញពីរបបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម ហេីយយើងបានមកចូលរួមទាំងអស់គ្នា រំឮកពីទុក្ខសោក និងការព្រាត់ប្រាស់ក្នុងរបបដ៏ខ្មៅយង់ឃ្នងនៅពេលកន្លងទៅ ហើយយើងអាចមើលឃើញយ៉ាងច្បាស់ជាក់ស្តែងនូវសមិទ្ធិផលដែលយើងទទួលបានពីបាតដៃទទេ រហូតមកដល់បច្ចុប្បន្នដែលកើតចេញពីការតស៊ូ ការលះបង់របស់ថ្នាក់ដឹកនាំ និងបុព្វបុរសរបស់យើង។ ស្របពេលជាមួយគ្នានេះយើងក៏ត្រូវសំឡឹងមើលទៅអនាគតរបស់កម្ពុជា និងប្រជាជនកម្ពុជាគ្រប់ជំនាន់ជាបន្តបន្ទាប់ប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់។

នៅក្នុងពិធីនោះដែរលោកទេសរដ្ឋមន្ត្រី លី ធុជ និងក្រុមការងារក៏បានចែកជូនជាថវិកាដល់ក្រុមប្រឹក្សាសង្កាត់ទាំង៥ប្រជាពលរដ្ឋចូលរួម តំណាងកងកំលាំងទាំង៣ យុវជនកាកបាទក្រហម និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងផងដែរ  ។

សូមបញ្ជាក់ផងដែរថាៈ ក្នុងនាមជាអ្នកបន្តវេនត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការប្តេជ្ញាថែរក្សាសមិទ្ធផលដែលសម្រេចបាន ឲ្យ គង់វង្សជាដរាប និងប្តេជ្ញារួមគ្នាការពារដាច់ខាតថែរក្សានូវសន្តិភាព សន្តិសុខ និងស្ថិរភាពនយោបាយ រួមគ្នាពង្រឹងឯកភាពជាតិ សាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ បង្កើនការរីកចម្រើនប្រកបដោយចីរភាព ដើម្បីធានាបាននូវអនាគតកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាអ្នកជំនាន់ក្រោយៗក្នុងការបន្តរស់នៅប្រកបដោយភាពសុខដុមរមនា ៕