ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ៖ ប្រទេស​មាន​សុខសន្តិភាព និង​កំពុងអភិវឌ្ឍន៍ អ្វីដែល​យើង​ព្រួយបារម្ភ​នោះ គឺ​ភាពល្ងង់ខ្លៅ

ខេត្ដកំពង់ចាម​៖ អភិបាលខេត្ត​កំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ខណៈពេល​ប្រទេស​មាន​សុខសន្តិភាព និង​កំពុងអភិវឌ្ឍន៍ អ្វីដែល​គួរ​ព្រួយបារម្ភ​នោះ​គឺ​ភាពល្ងង់ខ្លៅ ពីព្រោះ​ភាពល្ងង់ខ្លៅ​នេះហើយ​ដែល​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅក្នុង​ភាពក្រីក្រ ប៉ុន្តែ​ប្រសិនបើ​យើង​មាន​សមត្ថភាព មានចំណេះដឹង​គ្រប់គ្រាន់​នោះ យើង​អាច​ងើប​រួច​ផុតពី​ភាពក្រីក្រ តាមរយៈ​ការខិតខំ​ប្រឹងប្រែង​និង​ភាព​ឧស្សាហ៍​ព្យាយាម​របស់​យើង ។ ​ឯកឧត្តម​អភិបាលខេត្ត បានលើកឡើង​ដូច្នេះ​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២២ ខណៈពេល​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​អាគារ ១​ខ្នង មាន​៣​បន្ទប់ នៃ​សាលាបឋមសិក្សា​កោះ​ចំប៉ា ស្ថិតក្នុង​ឃុំ​ព្រីង​ជ្រុំ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

​ឯកឧត្តម​អភិបាលខេត្ត បាន​មានប្រសាសន៍​ទៀតថា ក្នុងពេល​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល ដែលមាន​សម្ដេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានគិត​គូរ​ណាស់ ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​ប្រទេសជាតិ​របស់​យើង​មានការ​រីកចម្រើន ទន្ទឹម​ពេលដែល​យើង​កំពុងស្ថិត​នៅក្រោម​ដំបូល​សុខសន្តិភាព ។ ដូច្នេះ​ដើម្បី​ឲ្យ​មានការ​អភិវឌ្ឍ គឺ​គប្បី​ត្រូវតែមាន​ផែនការ​ច្បាស់លាស់ អំពី​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស តាមរយៈ​វិស័យ​អប់រំ ដែល​ចាប់ផ្ដើម​ពី​កម្រិត​បឋមសិក្សា​នេះ រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ដើម្បី​ឲ្យ​យុវជន​របស់​យើង មានចំណេះដឹង និង​សមត្ថភាព​ពិតប្រាកដ អាច​ឈានទៅ​ប្រកួតប្រជែង​ដណ្ដើម​ការងារ ពី​ជនបរទេស ឬក៏​ចេញទៅ​ធ្វើការ​នៅក្រៅ​ប្រទេស ដើម្បី​រកប្រាក់​ចំណូល​ម​ក​បង្កើន​ជីវភាព​គ្រួសារ​ឲ្យ​បាន​ធូរធារ និង​មានលទ្ធភាព​ជួយ​ដល់​សង្គមជាតិ​របស់​យើង​ផងដែរ ។​​ឯកឧត្តម​អភិបាលខេត្ត បាន​យក​ឱកាស​នោះ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​មូលដ្ឋាន សូម​យកចិត្តទុកដាក់ ឱ្យ​ពង្រឹងគុណភាព និង​ប្រសិទ្ធភាព​នៃ​ការផ្ដល់សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ និង​ខិតខំ​ដោះស្រាយ​បញ្ហា​នានា ដែលមាន​នៅក្នុង​មូលដ្ឋាន​ឃុំ​របស់ខ្លួន នឹងត្រូវ​ផ្លាស់ប្ដូរ​ឥរិយាបថ​មន្ត្រី​របស់​យើង​នៅ​ឃុំ ឲ្យ​សាក​សមជា​មន្ត្រី​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ ៕