ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៩

នា​ព្រឹក​ថ្ងៃ​ពុធ ១​កើត ខែ​មិគសិរ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ស្វាយរៀង មាន​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​បន្ត ឆ្នាំ​២០១៩ ។​

​កិច្ចប្រជុំ​នេះ ស្ថិតក្រោម​អធិបតីភាព លោក នួន លី​ហួន ប្រធាន​មន្ទីរ និង​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អនុប្រធាន​មន្ទីរ លោក លោកស្រី​ប្រធាន អនុប្រធាន​ការិយាល័យ លោក​ប្រធានការិយាល័យ​សាធារណការ និង​ដឹកជញ្ជូន​ក្រុង ស្រុក​ទាំង​ប្រាំបី លោក លោកស្រី​មន្ត្រី​រាជការ​ក្រោម​ឱវាទ សរុប​ចំនួន ៦០​នាក់ ។

​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ លោក​ប្រធាន​មន្ទីរ បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​លោក លោកស្រី​ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ទាំងអស់ ដែល​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​យ៉ាង​សកម្ម​សម្រេច​លទ្ធផល​ទៅតាម​ផែនការ និង​ប្រតិទិន​ការងារ ដែល​បាន​គ្រោងទុក ព្រមទាំង​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ពើបប្រទះ​លើ​ការអនុវត្ត​កន្លងមក ។​

​ជា​កិច្ច​បន្ទាប់ លោក លោកស្រី ជា​ថ្នាក់​គ្រប់គ្រង​ការិយាល័យ បាន​ធ្វើ​របាយការណ៍ អំពី​វឌ្ឍនភាព​ការងារ ដែល​សម្រេចបាន​លើ​វិស័យ​សាធារណការ វិស័យ​ដឹកជញ្ជូន​ផ្លូវគោក វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក និង​បញ្ហា​ប្រឈម​នានា លើ​ការអនុវត្ត​កន្លងមក ។​

​ជា​កិច្ច​បញ្ចប់​លោក​ប្រធាន​មន្ទីរ ធ្វើការ​បូកសរុប​លទ្ធផល​ការងារ ដែល​សម្រេចបាន​នា​ពេលកន្លងមក និង​លើកទឹកចិត្ត​ដល់ មន្ត្រីរាជការ មន្ត្រី​ជាប់​កិច្ចសន្យា​ទាំងអស់ បន្ត​ខិតខំ​ប្រឹងប្រែង ពង្រឹង​ការងារ​ជំនាញ មាន​សាមគ្គីភាព ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​លើ​ការងារ ជាពិសេស​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ អោយបាន​ទាន់​ពេលវេលា មាន​ភាពច្បាស់លាស់ ហើយ​រួមគ្នា​ផ្ដល់​ភាព​ជា​គំរូ​ដល់​ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នក​ប្រើប្រាស់​ផ្លូវ​នូវ​ឥរិយាបថ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក អោយបាន​ខ្ជាប់ខ្ជួន (​អ្នកបើកបរ​ម៉ូតូ ទាំង​អ្នករួមដំណើរ​ត្រូវ​ពាក់​មួកសុវត្ថិភាព អ្នកបើកបរ​រថយន្ត ទាំង​អ្នករួមដំណើរ ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ទាំងអស់គ្នា​) ៕