(​ព្រះសីហនុ​)៖ ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ និង​ជា​ការបើក​ទំព័រ​សករាជ​ថ្មី សម្រាប់​ទឹក​ដី​ខេត្ត​ព្រះសីហនុ​

​ព្រឹក​ថ្ងៃ​សៅរ៍ ៥​រោច ខែ​ក​ក្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ពិធីបើកការដ្ឋាន ស្ថាបនា​ផ្លូវ​ទាំង​៣៤​ខ្សែ ក្នុង​ក្រុង​ព្រះសីហនុ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា មន្ត្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ និង​បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​នានា​នៅក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជា​ប្រាំ​ពាន់​នាក់​។​

​ឯកឧត្តម គួច ចំរើន អភិបាល​នៃ គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​រាយការណ៍​ជូន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏ដូចជា​អង្គពិធី​ទាំងមូល​ជ្រាបថា ខ្សែ​ផ្លូវ​អាទិភាព​ដែល​ត្រូវ​ស្ថាបនា​ជា​បី​ប្រភេទ​រួមមាន មហាវិថី​, វិថី និង​អនុ​វិថី រចនា​ឡើង​សម្រាប់​ទីក្រុង​ទំនើប ក្នុង​ចក្ខុវិស័យ​ផ្លូវ​មិន​ត្រឹមតែ​សម្រាប់​ធ្វើដំណើរ​ប្រកបដោយ ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​១). ជា​លំហ​សាធារណៈ ប្រកប​ដោយ​មេត្រីភាព សុវត្ថិភាព និង​សមធម៌ ២).​ផ្លូវ​ដើម្បី​កំណើន​សេដ្ឋកិច្ច​និង​អភិវឌ្ឍ​ធុរកិច្ច ៣).​ផ្លូវ​ដើម្បី​លើក​កំពស់ គុណភាព​នគរូបនីយកម្ម ភាព​ធន់​នឹង​អាកាសធាតុ និង​បរិស្ថាន​ប្រកបដោយ​ចីរភាព ដោយ​ផ្តល់​អាទិភាព​ទៅ​លើ​ផ្លូវ ថ្មើរជើង ផ្លូវ​ជនពិការ ផ្លូវ​ជិះ​កង់ បណ្ដាញ​បៃតង សួន​ជម្រាប​ទឹក ធម្មជាតិ​តាម​ដងផ្លូវ ដែលមាន​មេត្រីភាព​រវាង មនុស្ស ធម្មជាតិ និង​ការធ្វើដំណើរ ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ​ដែល​ជា​តំបន់​ប៉ូល​អភិវឌ្ឍ​មួយ​ដ៏​សំខាន់​ទៅ​ជា​ទីក្រុង​ឆ្លាត​វៃ និង​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ដែល​មាន​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ ទេសចរណ៍ ធុរកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម ឡូ​ជី​ស្ទីក និង​ច្រកចេញ​ចូល​អន្តរជាតិ ។

​ជាក់ស្តែង​ផ្លូវ​ក្រុង​ចំនួន ៣៤​ខ្សែ មាន​ប្រវែង ៨៤ ៥០៥ ម៉ែត្រ រង្វង់​មូល​ចំនួន ២ មាន​អង្កត់ផ្ចិត​ប្រវែង ៩៩ ម៉ែត្រ ត្រីកោណ​ផ្លូវ​ប្រសព្វ ១ លម្អ​ដោយ​រូបសំណាក​ដែល​បញ្ជាក់​អំពី​ប្រវត្តិសាស្ត្រ និង​អត្តសញ្ញាណ​ជាតិ និង​ស្ពាន​ចំនួន​៦ ប្រវែង​២៥២​ម៉ែត្រ​។ ផ្លូវ​ទាំង​៣៤​ខ្សែ​នេះ​ចែកចេញ​ជា​៣​ប្រភេទ​រួមមាន​៖

​ប្រភេទ​ទី​១ ៖​មហាវិថី មាន​ចំនួន​៣​ខ្សែ ប្រវែង​សរុប ២២ ៧៣១ ម៉ែត្រ មាន​ទទឹង​៥០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ២៥,៧៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ៦ គន្លង​(៣​ទៅ ៣​មក​) ផ្លូវ​ទោចក្រយានយន្ត ២ គន្លង រួមមាន មហាវិថី​រាម (​លេខ ៤៥), មហាវិថី​ឆ្នេរ​រាម និង មហាវិថី​ជំទាវ​ម៉ៅ​(​លេខ ៤៧)​។​

​ប្រភេទ​ទី​២ ៖ វិថី មាន​ចំនួន ១៦ ខ្សែ មាន​ប្រវែង​សរុប ៤៩ ៩៥៧ ម៉ែត្រ មាន​ទទឹង​២០​ម៉ែត្រ ទៅ ៤០​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង​១០,២៥​ម៉ែត្រ ទៅ ១៧,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២ គន្លង​ទៅ ៤​គន្លង​, ផ្លូវ​ទោចក្រយានយន្ត​២​គន្លង រួមមាន វិថី លេខ​៨៣៧-១ វិថី​អូរត្រេះ​, វិថី​ឆ្នេរ​អូរ​ឈើទាល (​លេខ​៥០០) វិថី​កោះ​ពូ​ឡូ​វៃ​(​លេខ​៣០០) ,​វិថី​ឯករាជ្យ (​លេខ​១០០), វិថី ២​ធ្នូ (​លេខ​៦០០), វិថី​លំហែ​ព្រះ​ភូមិន្ទ​, វិថី​ឆ្នេរ​អូរត្រេះ​,​វិថី​គុជ​អាស៊ី​(​លេខ​១២៣៧), វិថី​បុរី​កម្មករ (​លេខ​១១២), វិថី​ជោត​ញ្ញាណ​(​លេខ ៧០១) , វិថី​២៨​មិថុនា​(​លេខ​១២៣), វិថី​មិត្តភាព​កម្ពុជា​-​រុស្សី (​លេខ​៧០៥), វិថី​ចំណោត​អូរ​ត្រាវ វិថី​ឆ្នេរ​ពយ​ជំទាវ​ម៉ៅ និង​វិថី​អូរ​ត្រជាក់ចិត្ត ។​

​ប្រភេទ​ទី​៣ ៖ អនុ​វិថី មាន​ចំនួន ១៥ ខ្សែ មាន​ប្រវែង​សរុប ១១ ៨១៧ ម៉ែត្រ មាន​ទទឹង​ផ្លូវ​ពី ១៥​ម៉ែត្រ ទៅ ៤៥​ម៉ែត្រ ទ្រូងផ្លូវ​ទទឹង ១០,២៥​ម៉ែត្រ មាន​គន្លង​ផ្លូវ​រថយន្ត ២​គន្លង និង​ផ្លូវ​ទោចក្រយានយន្ត ២ គន្លង រួម​មាន​ផ្លូវ​កាត់​ទទឹង វិថី​អូរត្រេះ និង​វិថី​ឆ្នេរ​អូរត្រេះ​, ផ្លូវ​លេខ​៨០១, ផ្លូវ​លេខ​៥០១, ផ្លូវ​លេខ​៥០៣, ផ្លូវ​លេខ​៥០៥, ផ្លូវ​លេខ​៥០៧, ផ្លូវ​លេខ​១១៥, ផ្លូវ​លេខ​៦០២, ផ្លូវ​លេខ​៥០២, ផ្លូវ​លេខ​៨១០, ផ្លូវ​លេខ​៨១៨៨,​ផ្លូវ​លេខ​១០២,​ផ្លូវ​លេខ​៨០៦, ផ្ល​វ​លេខ​១០៦ និង​ផ្លូវ​លេខ​១២៦ លើកលែង​តែ​កំណាត់​ទី​៣ នៃ​ផ្លូវ​លេខ​៨០១ ប្រវែង​១០៣ ម៉ែត្រ ផ្លូវ​មាន​ទទឹង ១០ ម៉ែត្រ ។​

​ដោយឡែក​ចំពោះ​ការងារ​ឆ្នេរ និង​ការស្តារ​អូរ​ធម្មជាតិ ក្នុងនោះ អូរ​ធម្មជាតិ​ចំនួន​៥ ដែល​មាន​ទំហំ​តូច ដោយសារ​ការ ចាក់ដី ព្រមទាំង​ការសាងសង់​លំនៅដ្ឋាន និង សំណង់​នានា​លើ​និយាម​ការ​ដើម​របស់​អូរ​ធម្មជាតិ ដែល​ចាំបាច់ ត្រូវ​ធ្វើការ​ស្តារ​ឡើងវិញ​ដោយ​ប្រើប្រាស់ ថវិកា​ប្រមាណ ២,៥​លាន​ដុល្លារ​ពី​កញ្ចប់​ថវិកា ១០០​លាន​ដុល្លារ ។ ជាមួយគ្នានេះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា​បាន​ឧបត្ថម្ភ​រថយន្ត​សម្អាត​ឆ្នេរ​ចំនួន ២​គ្រឿង នឹង​ត្រៀម​ផ្តល់​គ្រឿងចក្រ​ចំនួន​៥​គ្រឿង​បន្ថែម​ដល់​រដ្ឋបាល​ខេត្ត​សម្រាប់​ការងារ​សម្អាត​ឆ្នេរ ស្តារ និង​ថែទាំ អូរ​ធម្មជាតិ​ទាំង​៥ ព្រមទាំង​បាន​សាងសង់​ស្ថានីយ៍​បូមទឹក​កខ្វក់​ចំនួន​៤ ទីតាំង និង​បាន​បំពាក់​ម៉ូទ័​របូម​ផលិត នៅ​ប្រទេស​ជប៉ុន ម៉ាក EBARA មុខកាត់​២៥០/​ចេញ​៣០០ សរុប​ចំនួន​១០​គ្រឿង ដើម្បី​បូម​បង្វែរ​ទឹក​កខ្វក់ កុំអោយ​ហូរ​ចូលទៅ​ក្នុង​សមុទ្រ ។ បាន​ស្តារ​អូរ​សម្អាត​ក្រោយ​សណ្ឋាគារ​សុខា បាន​ប្រវែង​១,២២៤​ម៉ែត្រ និង​សាងសង់​ទំនប់​បង្ហៀរ​បាន​០១​ទីតាំង ស្តារ​ព្រែក​អូរ​ឈើទាល​ពី​ស្ថានីយ៍​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ក្រុងព្រះសីហនុ ១៦​ហិកតា ដល់​ឆ្នេរសមុទ្រ​អូរ​ឈើទាល​បាន​ប្រវែង​២,៤០០​ម៉ែត្រ និង​សាងសង់​ទំនប់​បង្ហៀរ​បាន ០៣​ទីតាំង ដាំ​ដើមឈើ​កោង​កាង​បាន​ចំនួន ១០,០០០​ដើម និង​បន្ត​ដាំ​៥,០០០​ដើម​ទៀត ដាំ​ដើម​នាងនួន​អម​សង ខាង​មហាវិថី​ចំនួន​១០ ក្នុង​ក្រុង​ព្រះសីហនុ​បាន​ចំនួន​២,៤៥៨​ដើម និង បន្ត​ដាំ​៤, ៧៥៣ ដើម​ទៀត ។​

​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ ទៅ​ជា​ទីក្រុង​ទំនើប​ដែល​មាន​សោភ័ណភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ធុរកិច្ច ជាពិសេស​ធានា​បាន​គុណភាព​ខ្ពស់ រឹងមាំ ប្រើប្រាស់​បាន​យូ​អង្វែង ការស្ថាបនា​ផ្លូវ​ទាំង ៣៤ ខ្សែ ត្រូវ​គោរព​តាម​គោលការណ៍ និង​លក្ខណៈ​បច្ចេកទេស​ដូចខាងក្រោម​៖
១.​គោរព​តាម​ផែនការ​រៀបចំ​ដែនដី​ខេត្ត​ព្រះសីហនុ ចក្ខុវិស័យ​ឆ្នាំ​២០៣០ ដែល​ត្រូវ​ដាក់ឲ្យ​ប្រើប្រាស់​ដោយ អនុក្រឹត្យ​លេខ ៨១ អនក្រ​.​បក ចុះ​ថ្ងៃ​ទី ១៣ ខែមិថុនា ឆ្នាំ ២០១៨​។
២.​កំណត់​អ័ក្ស​ផ្លូវ​តាម​ចំណុចកណ្តាល​នៃ​ដី​ចំណី​ផ្លូវ​សាធារណៈ​ស្រប​តាម​ប្លង់​សុរិយោដី​។
៣.​សាងសង់​តាម​គម្រោង​ប្លង់​បច្ចេកទេស​លម្អិត (detailed design) នៃ​ខ្សែ​ផ្លូវ​នីមួយៗ ដែល​សិក្សា​ដោយ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា អនុលោម​តាម​បទដ្ឋាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​៖
– ទ្រូងផ្លូវ​ធ្វើ​ពី​បេតុង​កម្រាស់ ២៥០ មី​លី​ម៉ែត្រ ក្រាល​កៅស៊ូ​បេទីម (Asphalt Concrete) កម្រាស់ ៧០​មី​លី​ម៉ែត្រ បេតុង​ត្រូវ​ពង្រឹង​ដោយ​ប្រើ​ដែក​សរសៃ​ទំហំ ១២​មី​លី​ម៉ែត្រ​
– ចិញ្ចើម​ផ្លូវ​មាន​ផ្លូវ​ថ្មើរជើង​ក្រាល​សន្លឹក​បេតុង (Concrete Slab)​និង ផ្លូវ​ជិះ​កង់​ទទឹង​១,៥០​ម៉ែត្រ ក្រាល​កៅស៊ូ​បេទីម​កម្រាស់​៥០​មី​លី​ម៉ែត្រ មាន​ដាំ​ស្មៅ និង​ដើមឈើ​ជា​ផ្ទៃ​បៃតង​ជ្រាប​ទឹក​
-​ដាំ​ដើម​តែ​និង​រុក្ខជាតិ​លម្អ​នៅតាម​ផ្លូវ​ដែល​មាន​ខឿន​សួន​កណ្ដាល ចែក​ទ្រូងផ្លូវ
-​បង្កប់​លូ​ទឹកភ្លៀង​មុខកាត់ ១​ម៉ែត្រ និង​លូទឹកកខ្វក់​មុខកាត់ ១​ម៉ែត្រ តាម​បណ្តា​យ​សងខាង​ផ្លូវ​
-​មាន​បង្គោល​ភ្លើង​បំភ្លឺ​សាធារណៈ​
-​មាន​គំនូស​ចរាចរណ៍ និង​ផ្លាកសញ្ញា​ចរាច​រណ៍​តាម​បទដ្ឋាន​បច្ចេកទេស​។​
-​ផ្លូវ​សំខាន់ៗ​នឹង​ត្រូវ​បំពាក់​កាមេរ៉ា​សុវត្ថិភាព ។​

​សូម​រលឹក​ផងដែរ​ថា នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៩ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​ដក​ថវិកា​ចំនួន ១០០ លាន​ដុល្លា ពី​ថវិកា​សន្សំ​របស់​ជាតិ ដោយ​សម្តេច​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ធ្វើការ​ដឹកនាំ​កិច្ចប្រជុំ គណៈកម្មាធិការ​គោលនយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ត្រួតពិនិត្យ​វឌ្ឍនភាព ចាត់ចែង​ដោះស្រាយ​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ដាក់​ចេញ​គោលការណ៍ ស្លឹកត្នោត ខ្ចប់​ស្ករត្នោត សម្តេច​បាន​ប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដើម្បី​ដឹកនាំ​ក្រុម​ការងារ​បច្ចេកទេស​អន្តរក្រសួង ដោយ​មាន​ការសហការ​ចូលរួម​ពី ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និង​ជា​ប្រធាន​ក្រុមការងារ ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ព្រះសីហនុ​បាន​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ​ជាក់ស្តែង ធ្វើការ​សិក្សា​លម្អិត​អំពី​ខ្សែ​ផ្លូវ​អាទិភាព ដែល​ត្រូវ​ស្ថាបនា​ដើម្បី​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ខេត្ត​ព្រះសីហនុ​៕