ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​ទាំង​បី​ចំនួន ៨០១​នាក់ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​

​នា​ព្រឹក​ថ្ងៃ​សុក្រ ១២​កើត ខែ​កត្តិក ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃ​គណ​អភិបាលខេត្ត​ស្វាយរៀង និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កងកម្លាំង​នគរបាល កងរាជអាវុធហត្ថ និង​កង​យោធពលខេមរភូមិន្ទ នៅក្នុង​ខេត្ត ចំនួន ៨០១ នាក់ ដែល​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​ស្នងការដ្ឋាន​នរគ​បាល​ខេត្ត​ស្វាយរៀង ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បាន​ផ្តាំផ្ញើ​ដល់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ នូវ​ចំណុច​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម ៖

-​កងកម្លាំង​ទាំងអស់ ត្រូវ​រក្សា​ការស្មោះត្រង់​ដាច់ខាត​ចំពោះ​ជាតិ​មាតុភូមិ និង​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ជាពិសេស​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ។​
-​ត្រូវ​លើកកម្ពស់​មនសិការ​ស្នេហា​ជាតិ គោរព​ឲ្យបាន​ម៉ឺងម៉ាត់​នូវ​វិន័យ និង​រាល់​តួនាទី​ភារកិច្ច​របស់​កងកម្លាំង​ក្នុង​ការថែរក្សា​ការពារ​នូវ​សន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍ​ដែល​ប្រទេសជាតិ​យើង​កំពុង​មាន​សព្វថ្ងៃ ការពារ​រាជរដ្ឋាភិបាល ដែល​កើតចេញ​ពី​ការបោះឆ្នោត​ស្របច្បាប់ និង​ប្រឆាំង​រាល់​ការប៉ុនប៉ង​ផ្តួលរំលំ ឬ​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល ។​
-​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ក្នុង​ចំណោម​កងកម្លាំង​ទាំងអស់ សំដៅ​ឲ្យ​ការអនុវត្ត​ការងារ​សម្រេច​បាន​លទ្ធ​ផល​ជោគជ័យ និង​មាន​ប្រសិទ្ធភាព​ថែមទៀត ។​
-​ត្រូវ​បន្ត​យកចិត្តទុកដាក់​ការប្រមូលផ្ដុំ​គ្រប់គ្រង​វត្តមាន​កងកម្លាំង​ក្រោម​ឱវាទ​របស់​ខ្លួន ឲ្យបាន​ច្បាស់លាស់ ដោយ​ត្រូវ​មាន​មុខ ១០០% ប្រចាំការ ២៤​ម៉ោង លើ ២៤​ម៉ោង ដើម្បី​ត្រៀម​ខ្លួន​អនុវត្ត​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ ក្នុង​កិច្ច​អន្តរាគមន៍ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាព​សង្គម​។​
-​ត្រូវ​បង្កើន​ការត្រួតពិនិត្យ​នៅ​តាម​ច្រកទ្វារ​ព្រំដែន​ឲ្យបាន​តឹងរ៉ឹង​បំផុត ទប់ស្កាត់​ការប្រើប្រាស់​ច្រកទ្វារព្រំដែន​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង ក្នុង​ការវិល​ចូល​ស្រុក​របស់​ជន​ក្បត់ជាតិ សម រង្ស៉ី ហើយ​ក្នុង​ករណី​ដែល​បាន​ប្រទះឃើញ​ជន​នេះ ត្រូវអនុវត្ត​វិធានការ​ចាប់ខ្លួន​ជាបន្ទាន់ ។​

​ក្នុងឱកាស​នោះ​ផងដែរ លោក​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង ក្នុងនាម​តំណាង​ឲ្យ​កងកម្លាំង​ទាំង​បី​ប្រភេទ បាន​ប្តេជ្ញា​ការពារ​សុខសន្តិភាព ទប់ស្កាត់​ឲ្យបាន​ដាច់ខា​ត​រាល់​ការប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ពី​សំណាក់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ដែល​ដឹកនាំ​ដោយ​ជន​ក្បត់ជាតិ សម រង្ស៉ី និង​ប្តេជ្ញា​បង្ត្រាប​ឲ្យខានតែបាន​នូវ​រាល់​សកម្មភាព​ទាំង​ឡាយ​ណា​ដែល​នាំំ​ទៅដល់​ការបំផ្លិចបំផ្លាញ​សន្តិភាព​ប្រទេសជាតិ និង​សន្តិសុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ៕