សម្តេចចៅហ្វា​វាំង គង់ សំអុល នាំយក​ថវិកា​១៥០​លាន​រៀល និង​១,៨៣០​ដុល្លារ​បរិច្ចាគ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ០៦​រោច ខែ​អស្សុជ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​វត្តភ្នំ សម្តេចចៅហ្វា​វាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ព្រះបរមរាជវាំង និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់​ឆ្នាំ បាន​ដឹកនាំ​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ដែលមាន លោក ឈូរ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត ជា​ប្រធាន​មក​បរិច្ចាគ​ថវិកា​ចំនួន ១៥០,០០០,០០០​រៀល និង ១,៨៣០​ដុល្លារ​អាមេរិក ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មាន​លោកស្រី ងួន សុខា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​នាយក​ប្រតិបត្តិ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​ជា​តំណាង​របស់​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​បរ​ធន​បាល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ទទួល​ស្វា​មគ​ម៏ និង​ទទួល​ការបរិច្ចាគ​នេះ​។​

​សូម​គូសបញ្ជាក់​ផងដែរ​ថា ថវិកា​សប្បុរសធម៌​នេះ គឺ​បានមកពី​ការចូលរួម​ចំណែក​ពី​បណ្តា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កំពង់ឆ្នាំង តាមរយៈ​ការអំពាវនាវ និង​លើក​ទឹកចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​ទាំង​ទ្វេ​ជា​ប្រធានកិត្តិយស និង​ជា​ស្ថាបនិក​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​ជា​ពិសេស​តាមរយៈ​ការអំពាវនាវ របស់​គណៈកម្មការ​ទ្រទ្រង់ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​។​

​ជំនួសមុខ​ឱ្យ​អគ្គបណ្ឌិត​សភា​ចារ្យ ឧបនាយករដ្ឋមន្ត្រី​, លោកស្រី ងួន សុខា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​កោតសរសើរ​ជូន​ចំពោះ សម្តេចចៅហ្វា​វាំង គង់ សំអុល ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ដឹកនាំ​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ផ្តល់​វិភាគទាន​ដ៏​សប្បុរសធម៌​នេះ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​លោកស្រី​បាន​រំលឹក​អំពី​សាវតា​នៃ​ការបង្កើត មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក៍​ដូច​ជា​ការរួមចំណែករ​បស់ មូលនិធិ​គន្ធបុប្ផា​ស្វីស និង​គុណបំណាច់​មិន​អាច​កាត់ថ្លៃ​បាន​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត Beat Richner ដែល​បាន​ចូលរួមចំណែក និង​បូជា​កំលាំងកាយ​ចិត្ត​ដើម្បី​អនាគត និង​ភាព​ញញឹម របស់​កុមារ​កម្ពុជា​។​

​លោកស្រី​ក៏​បាន​លើក​អំពី​គោលបំណង​សំខាន់ របស់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដែល​មិន​ត្រឹមតែ​ជួយ​ស្វែងរក​ប្រភព​មូលនិធិ​សម្រាប់​ទ្រទ្រង់ ដល់​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​នោះទេ ថែម​ដើម្បី​បណ្តុះ សាប​ព្រោះ និង​លើកកម្ពស់​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក ក្រោម​ពាក្យស្លោក ខ្មែរ​ជួយ​ខ្មែរ ឱ្យបាន​កាន់តែ​ទូលំទូលាយ ទូទាំង​ប្រទេស តាមរយៈ​ការចូលរួម​បរិច្ចាគ​វិភាគទាន​សប្បុរសធម៌ និង​ការចូល​ជា​សមាជិក​របស់​មូលនិធិ​គន្ធបុប្ឆា​កម្ពុជា​។​

​លោកស្រី​ក៏​បាន​គោរព​ជម្រាប​ជូន សម្តេចចៅហ្វា​វាំង ផងដែរ​ថា​សម្រាប់​៩​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៩​នេះ មន្ទីរពេទ្យ​គន្ធបុប្ផា​ទាំង​ប្រាំ​ទីតាំង បាន​ចំណាយ​ថវិកា​អស់​ចំនួន ៣៣,៥០០,០០០​ដុល្លារ ក្នុងនោះ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​បានប្រគល់​ថវិកា​ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា​ចំនួន ៩,០៥៦,២៦៦ ដុល្លារ​អាមេរិក​ផង​ដែរ​។​

​ជា​ការឆ្លើយតប​សម្តេច​ចៅហ្វា​វាំង គង់ សំអុល បាន​សម្តែង​ការកោតសរសើរ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​នេះ​ឡើង ដែល​នេះ​បង្ហាញ​អំពី​ការយកចិត្តទុកដាក់ និង​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ជា​ពិសេស​កុមារ​ដែល​ជា​ទំពាំង​ឫស្សី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​យើង​។​
​សម្តេចចៅហ្វា​វាំង ក៏​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​រួមចំណែក​ក្នុង​ការគាំទ្រ​ដល់​ការគិតគូរ របស់​រាជរដ្ឋាភិបាល​ក្នុង​ការងារ​មនុស្សធម៌​នេះ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ជា​ពិសេស​ប្រជាពលរដ្ឋ នៅ​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ចូលរួម​ការងារ​មនុស្ស​ធម៌​នេះ ជាមួយ​រាជរដ្ឋាភិបាល​។​

​សម្តេចចៅហ្វា​វាំង ក៏​លើកទឹកចិត្ត និង​វាយតម្លៃ​ខ្ពស់​ក្នុង​ការងារ​បណ្តុះ សាប​ព្រោះ និង​លើកកម្ពស់​គុណ​តម្លៃ ខ្មែរ ជួយ ខែ្មរ ដែល​បង្ហាញ​អំពី​សាមគ្គីភាព​ជាតិ និង​តម្លៃ​ស្នូល ក្នុង​សង្គម​កម្ពុជា​។ សម្តេចចៅហ្វា​វាំង​ក៏​បាន​សន្យា​ជួយ​បំផុស​ចលនា​គាំទ្រ និង​ចូលរួម​ជាមួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា និង​បាន​លើកទឹកចិត្ត​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៃ​ខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​នៅ​បណ្តា​ខេត្ត​-​ក្រុង ដ៏ទៃទៀត ឱ្យ​ចូលរួម និង​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​នេះ​។​

​តំណាង​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​នៃ​ខេត្ត​កំពង់ឆ្នាំង​,​លោក ឈូរ ច័ន្ទ​ឌឿ​ន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ សម្តេចចៅហ្វា​វាំង គង់ សំអុល ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​ដឹកនាំ គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង និង​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ប្រគល់​វិភាគទាន​សប្បុរសធម៌​នេះ ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា​។​

​លោក​ក៏​បាល​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ជូន​ចំពោះ​លោកស្រី ងួន សុខា ដែល​បាន​មក​ទទួល​វិភាគទាន​នេះ​ដោយផ្ទាល់ ដែល​វត្តមាន​របស់​សម្តេច និង​លោកជំទាវ គឺជា​ការលើកទឹកចិត្ត ដល់​គណៈកម្មការ​ទ្រទ្រង់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ៕