
ប្រជុំពិនិត្យ និងផ្តល់យោបល់គណៈអភិបាលខេត្ត លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឃន៍រយះពេលប្រាំឆ្នាំ(២០២០-២០២៤)
នាព្រឹកថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់គណៈអភិបាលខេត្ត លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឃន៍រយះពេលប្រាំឆ្នាំ(២០២០-២០២៤) អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តមអភិបាលរងខេត្ត លោកនាយកទីចាត់ទាំង៥ សាលាខេត្ត លោកប្រធានមន្ទីរផែនការខេត្ត និងលោក លោកស្រីអនុប្រធានមន្ទីរនានាក្នុងខេត្ត ព្រមទាំងលោកអភិបាលរងក្រុង/ស្រុកទាំង៨។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ថា យោងទៅតាមប្រតិទិននៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍន៍រយះពេល៥ឆ្នាំ ២០២០-២០២៤ របស់ខេត្តស្វាយរៀង ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងមន្ទីរផែនការខេត្ត បានសហការគ្នា ដើម្បីរៀបចំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់របស់គណៈអភិបាលខេត្ត លើសេចក្តីព្រៀងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋាន រយះពេល៥ឆ្នាំដែលមានគោលបំណងដូចខាងក្រោម៖
– ចក្ខុវិស័យអភិវឌ្ឍន៍ បង្ហាញអំពីទស្សនៈដែលក្រុមប្រឹក្សាខេត្ត ចង់បានការប្រែប្រួលជីវភាពរបស់ ប្រជាពលរដ្ឋឱ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
– គោលបំណងអភវឌ្ឍន៍ បង្ហាញអំពីលទ្ធផលនានា ដែលក្រុមប្រឹក្សាខេត្តចង់បានតាមរយះផែន ការអភិវឌ្ឍន៍ ។
– គោលដៅអភិវឌ្ឍន៍ បង្ហាញអំពីលទ្ធផលនានា ដែលក្រុមប្រឹក្សាខេត្តចង់បានតាមវិស័យ នីមួយៗ តាមរយះការអនុវត្តតាមផែនការអភិវឌ្ឍន៍ដើម្បីរួមចំណែកសម្រេចគោល បំណងអភិវឌ្ឍន៍។
– យុទ្ធសាស្ត្រអភិវឌ្ឍន៍ បង្ហាញអំពីយុទ្ធសាស្ត្រ ឫសកម្មភាពដែលត្រូវអនុវត្តដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍនីមួយៗរួមមាន យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច គ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងបន្សាំការប្រែប្រួលអាកាសធាតុ រួមទាំងការគ្រប់គ្រងរដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កម្មវិអភិវឌ្ឍន៍មូលដ្ឋា្ននរយះពេលប្រាំឆ្នាំ គឺជារបៀបវរៈដែលក្រុមប្រឹក្សាខេត្តចង់សម្រេចឱ្យបានក្នុងអាណត្តិរបស់ខ្លួន សម្រាប់បង្ហាញពីគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ៕