ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលក្រុង​បាវិត​

ខេត្តស្វាយរៀង ៖ នា​រសៀល​ថ្ងៃ​សុក្រ ១៣​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​អភិបាល នៃ​គណៈ​អភិបាលក្រុង​បាវិត ។​

​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្ដម​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ស្វាយរៀង លោក​ប្រធាន​មន្ទីរ​-​អង្គភាព លោក លោកស្រី​ជា​ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក តំណាង​កងកម្លាំង​ទាំង​បី ប្រធានការិយាល័យ​មន្ត្រី​រាជការ​ចំណុះ​សាលាក្រុង មេឃុំ ស្មៀន ប្រធាន​ប៉ុស្តិ៍​រដ្ឋបាល និង​កម្លាំង​សមត្ថកិច្ច​តាម​ព្រំដែន​ជាច្រើនរូប​ទៀត ។​

​ឯកឧត្ដម​អភិបាលខេត្ត​បាន​មានប្រសាសន៍​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ក្រុមប្រឹក្សា​ក្រុង គណៈ​អភិបាលក្រុង មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ក្រុង ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង​យក​អស់​កម្លាំងកាយ​ចិត្ត បំពេញ​តួនាទី​ភារកិច្ច​ប្រកបដោយ​ការ​សាមគ្គីភាព​ក្នុង​ជួរ​គណៈ​អភិបាលក្រុង និង​មន្ត្រីរាជការ​ទាំងអស់ ធ្វើឲ្យ​ក្រុង​របស់ខ្លួន សម្រេចបាន​នូវ​លទ្ធផល​ល្អប្រសើ​រទាំង​ការផ្ដល់សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ និង​ការថែរក្សា​បាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​

​ដោយឡែក​ចំពោះ​ការតែងតាំង​មុខតំណែង​នៅថ្ងៃនេះ គឺជា​ដំណើរការ​រដ្ឋបាល​ក្នុង​ការរៀបចំ​មុខតំណែង​មន្ត្រីរាជការ​ក្នុង​មុខងារសាធារណៈ ស្រប​ទៅតាម​គោលការណ៍​គ្រប់គ្រង​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ដោយ លោក លឹម សៀង​ហេង ត្រូវបាន​តែងតាំង​ជា​អភិបាល នៃ​គណៈ​អភិបាលក្រុង​បាវិត ខេត្ត​ស្វាយរៀង ជំនួស​ឯកឧត្តម សេង សិលា ដែល​ត្រូវបាន​តែងតាំង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង​។​

មានប្រសាសន៍​ក្នុង​ពិធី​នេះ​ឯកឧត្ដម​អភិបាលខេត្ត បាន​ផ្ដាំផ្ញើ​នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន​ដូចជា​៖
១- ពង្រឹង​ការ​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង និង​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ត្រូវ​ជៀសវាង​ឲ្យបាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញ​ពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ​។​
២- ត្រូវ​រួមគ្នា​បង្កើន​ការសហការ​ក្នុង​ចំណោម​អាជ្ញាធរ ក្នុង​ការពង្រឹង​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​គ្រឿងញៀន ចោរកម្ម ល្បែងស៊ីសង ការនាំ​ចូល​នូវ​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព ការ​ជ្រៀតចូល​នៃ​ជនអន្តោប្រវេសន៍ និង​ការ​ស្នាក់នៅ​ខុស​ច្បាប់​ជាដើម​។​
៣- គណៈ​អភិបាលក្រុង ត្រូវ​រៀបចំ​ធ្វើការ​បែងចែក​តួនាទី ភារកិច្ច និង​ការទទួលខុសត្រូវ​ក្នុង​ជួរ​គណៈ​អភិបាលក្រុងឲ្យ​បានច្បា​ស់លា​ស់​។
៥- បន្ត​ពង្រឹង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ​។​
៦- យកចិត្តទុកដាក់​គ្រប់គ្រង និង​ណែនាំ​ស្មៀន​ឃុំ​ដែល​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ក្រុង ឲ្យ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន​។
៧- ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​សមត្ថភាព​មន្ត្រីរាជការ ។​
៨- បង្កើន​ការរៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ បរិស្ថាន អនាម័យ​ឲ្យបាន​ល្អនៅ​ក្នុង​ក្រុង ជាពិសេស​នៅ​តាម​ទីប្រជុំជន និង​នៅតាម​ដងផ្លូវ​សាធារណៈ ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​។
៩- ត្រូវមាន​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ឲ្យបាន​តឹងរឹង​បំផុត និង​ទប់ស្កាត់​ឲ្យទាន់​ពេលវេលា ចំពោះ​សកម្មភាព​រំលោភ​យក​ដី​សាធារណៈ​យកមក​ធ្វើ​ជា​កម្ម​សិទ្ធ​ឯកជន​។​
១០- ខិតខំ​រួម​សហការ​សាមគ្គីភាព​គ្នា​អភិវឌ្ឍន៍​ក្រុង​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត នឹង​ត្រូវ​ចុះ​ដោះស្រាយ​បញ្ហា​នានា ដើម្បី​ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​ពិតប្រាកដ និង​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ល្អ​ជាង​មុន ទូលាយ​ជាង​មុន ប្រសិទ្ធភាព​ជាង​មុន និង​ទទួលបាន​ផល​ច្រើនជាង​មុន ។​
១១-​ត្រូវ​បន្ត​ចុះ​ណែនាំ ផ្សព្វផ្សាយ ទប់ស្កាត់​ឲ្យបាន​នូវ​ការសាងសង់​សំណ​ង់​ផ្សេងៗ​រំលោភ​លើ​ដី​ចំណី​ផ្លូវ​។​

​សូមបញ្ជាក់​ថា យោងតាម​អនុក្រឹត្យ​លេខ​១១១៥ អនក្រ​.​ត​ត ចុះ​ថ្ងៃ​អង្គារ​៥​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៩ ត្រូវបានតែងតាំង លោក លឹម សៀង​ហេង ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​២ ឲ្យ​កាន់​មុខតំណែង​ជា​អភិបាល នៃ​គណៈ​អភិបាលក្រុង​បាវិត​ខេត្ត​ស្វាយរៀង​។​