ប្រកាស​តែងតាំង ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត

នា​ព្រឹក​ថ្ងៃ​ពុធ​១១​កើត ខែ​អស្សុជ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង ឯកឧត្តម អភិបាលខេត្ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​លោក ម៉ែន ចាន់​រ៉ា អភិបាលរង​ក្រុង​បាវិត ជា​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ជំនួស​លោក លឹម សៀង​ហេង ដែល​ត្រូវ​ផ្លាស់ប្តូរ​ឲ្យទៅ​បំរើ​ការងារ​នៅ​អង្គភាព​ដើម​វិញ​។​

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​លោក ប្រធាន​មន្ទីរ អង្គភាព តំណាង​កងកម្លាំង​ទាំង​បី លោក​អភិបាលក្រុង​បាវិត លោកនាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ លោក​ប្រធាន​ការិយាល័យ​គយ និង​រដ្ឋាករ លោក លោកស្រី មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ហែម ពិសិដ្ឋ បាន​ផ្ដាំផ្ញើ ដល់​លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី និង​កងកម្លាំង មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដូចជា​៖
១- ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃ​ក្នុង​ការបំពេញ​ការងា​រ ។​
២- ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យបាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន
៣- ត្រូវ​ខិតខំ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ ការគោរព​ច្បាប់ គោលការណ៍​នានា និង​ពង្រឹង​របៀបរបប​ធ្វើការ តាម​តួនាទី ភារកិច្ច​របស់​ខ្លួន ដោយ​ឈរ​លើ​គោលការណ៍ “​សមូហភាព​ដឹកនាំ បុគ្គល​ទទួលខុសត្រូវ​” ។​
៤- ត្រូវ​ចៀសវាង​ឲ្យបាន​នូវ​ទំនាស់​ផលប្រយោជន៍ និង​ទំនាស់​ដែល​កើតចេញ​ពី​ការប្រើ​អំណាច​មិន​ត្រឹមត្រូវ ។​
៥-​ត្រូវ​ចៀសវាង និង​នៅ​ឲ្យ​ឆ្ងាយ​ពី​អំពើ​ពុករលួយ ។​
៦-​ត្រូវ​ចៀសវាង​ឲ្យបាន​នូវ​សកម្មភាព​ដែលប​ង្ក​ការលំបាក​ដល់​អ្នក​ឆ្លងកាត់ ។​
៧-​ត្រូវ​ចូលរួម​បង្កើន​ការសហការ​ក្នុងចំណោម​សមត្ថកិច្ច​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ក៏ដូចជា​សមត្ថកិច្ច​ព្រំដែន​នៃ​ប្រទេស​ជិតខាង ក្នុង​ការថែរក្សា​ពង្រឹង សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ព្រំដែន បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា ជាពិសេស​បទល្មើស​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន បទល្មើស​សេដ្ឋកិច្ច ការជួញដូរ​មនុស្ស និង​ទំនិញគេចពន្ធ​គ្រប់​ប្រភេទ ការនាំ​ចូល​នូវ​ទំនិញ​ខុសច្បាប់ និង​ខូចគុណភាព ការ​លួច​ជ្រៀត​ចូល នៃ​ជនបរទេស​អ​ន្តោ​-​ប្រវេ​សន៍ ឆ្លងកាត់​ព្រំដែន​ដោយ​ខុសច្បាប់ ជាដើម ។​