សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យបង្អែក​សាមគ្គី​​រំដួល ស្ថិតនៅ​ឃុំ​កំពង់​ចក ស្រុក​រំដួល​

​នា​ព្រឹក​ថ្ងៃ​អង្គារ ៥​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ទី​២០ ខែ​សីហា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ឯកឧត្ដម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យបង្អែក​សាមគ្គី​​រំដួល ស្ថិតនៅ​ឃុំ​កំពង់​ចក ស្រុក​រំដួល ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងា​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង ។

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ មាន​ឯកឧត្ដម លោកជំទាវ​សមាជិក​ព្រឹទ្ធសភា រដ្ឋសភា ឯកឧត្ដម លោកជំទាវ​ជា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង និង​ស្រុក​រំដួល លោកជំទាវ​រដ្ឋលេខាធិកា​រ​ក្រសួង​សុខាភិបាល ឯកឧត្ដម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត តំណាង​កងកម្លាំង​ទាំង​បី ប្រធាន​មន្ទីរ​-​អង្គភាព​នានា​ក្នុង​ខេត្ត ក្រុមប្រឹក្សា​ស្រុក គណៈ​អភិបាលស្រុក មន្ត្រីរាជការ​ជុំវិញ​ស្រុក ក្រុមគ្រូពេទ្យ នៃ​មន្ទីរពេទ្យ​បង្អែក​សាមគ្គី​ស្រុក​រំដួល លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​ស​.​ស​.​យ​.​ក យុវជន​កាកបាទក្រហម យុវជន​កាយរឹទ្ធិ យាយជី តាជី និង​បងប្អូន​ប្រជាពលរដ្ឋ​ប្រមាណ ១.២០០​នាក់ ។​

​សូមបញ្ជាក់​ថា មន្ទីរពេទ្យបង្អែក​សាមគ្គី​ស្រុក​រំដួល ត្រូវបាន​សាងសង់​ដោយ​ចំណាយ​អស់​ថវិកា ប្រមាណ ៥៦​ម៉ឺន​ដុល្លារ ដែល​ជា​ថវិកា​កសាងរ​បស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា តាមរយៈ ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍ ខ្វាន់ ស៊ា​ម អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ បញ្ជាការដ្ឋាន​វិស្វកម្ម អគ្គបញ្ជាការដ្ឋាន និង សប្បុរសជន ៕