​លោក ឃួ​ង ស្រេង ដាស់តឿន​ឲ្យ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​ខិតខំ​កែ​ខ្លួន​ឡើងវិញ ដើម​ចូលរួម​បម្រើ​សង្គម​

(​ភ្នំពេញ​)៖ អភិបាល​រាជធានី​ភ្នំពេញ ឃួ​ង ស្រេង បាន​ដាស់តឿន​ដល់​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ឲ្យ​ប្តេជ្ញាចិត្ត​រស់នៅ​ជាមួយ​គ្រួសារ និង​រស់នៅ​ក្នុង​សង្គម​ឲ្យបាន​ល្អ​លើ​ង​វិញ ហើយ​ចាប់​យក​មុខរបរ​ប្រកប​អាជីវកម្ម ក៏ដូចជា​ការរៀនសូត្រ​ឲ្យបាន​ល្អ​ប្រសើរ​ឡើងវិញ​។​

​ការ​ដាស់តឿន​យ៉ាង​ដូច្នេះ ត្រូវបាន​លើកឡើង​ក្នុងឱកាស​លោក​រួម​ជាមួយ​មន្ត្រី ចុះសួរសុខទុក្ខ​សំណេះសំណាល និង ពិនិត្យ ស្ថានភាព រស់នៅ ជាក់ស្ដែង របស់ ជនរងគ្រោះ​ដោយ​គ្រឿងញៀន ដែល ត្រូវបាន​បញ្ជូន​មក ព្យាបាល​បន្សាប គ្រឿង ញៀន នៅ មជ្ឈមណ្ឌល ឱកាស​ខ្ញុំ ស្ថិតនៅ​ក្នុង​សង្កាត់​ឈ្មួញ ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​។​

​លោក ឃួ​ង ស្រេង បាន​ថ្លែង​ទៀតថា ប្អូនៗ​ត្រូវ​ចាំ​ថា​យើង​ទាំងអស់គ្នា​នេះ ជួយ​ប្អូនៗ​បាន​តែ​មួយ​រយៈ​ទេ ពេល​ណាមួយ​នោះ​ទេ តែ​ប្អូនៗ​ខ្លួនឯង​ដាច់ខាត​ត្រូវ​ជួយ​ខ្លួនឯង​នោះ​។ ដូច្នេះ​ចូរ​ប្អូនៗ​ប្តេជ្ញាចិត្ត​កសាង​ខ្លួន និង​អំពើ​ល្អ ដូច​ពុទ្ធដីកា​ថា «​គ្មាន​អ្នក​ជួយ​ខ្លួនឯង ជាង​ខ្លួន​ឯង​នោះទេ​»​។​

​លោក​អភិបាល​រាជធានី​បន្តថា «​រាជរដ្ឋាភិបាល ក៏​ដូច​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មិន​ចង់​យក​ប្អូនៗ​មក​កន្លែង​ហ្នឹង​ទេ ក្នុងករណី​ប្អូន​មិន​ពាក់ព័ន្ឋ​គ្រឿងញៀន តើ​យក​ប្អូនៗ​មក​ធ្វើ​អី តែ​ប្អូន​មាន​ញៀន​នៅក្នុង​ខ្លួន ត្រូវតែ​យក​ប្អូន​មក​បន្សាប ព្រោះ​ប្អូន​ជា​យុវជន ជា​ទំពាំង​ស្នង​ប្ញ​ស្សី ជា​អនាគត​សសរទ្រូង​របស់​ប្រទេសជាតិ អីចឹង​ត្រូវតែ​ធ្វើយ៉ាងណា​ប្អូនៗ​មាន​យុវ​និតិ​សម្បទា​ពេញលេញ ដើម្បី​កសាង​ប្រទេស​ជាតិ​ទៅ​ថ្ងៃ​អនាគត​»​។​

​គ្រឿងញៀន​បំផ្លាញ​ខ្លួន​ប្អូនៗ គ្រឿងញៀន​បំផ្លាញ​គ្រួសារ​ប្អូន គ្រឿងញៀន​បំផ្លាញ​សង្គមជាតិ​របស់​ប្អូនៗ គ្រឿងញៀន​បំផ្លាញ​មិត្តភ័ក្ររ​បស់​ប្អូនៗ សូម​ប្អូន​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន ។​

​ជាមួយគ្នានេះ លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុវជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ បានឲ្យដឹងថា ជនរងគ្រោះ​ដោយសារ​គ្រឿងញៀន កំពុង​ធ្វើការ​បន្សាប​នៅក្នុង​មណ្ឌល​សុខភាព​ឱកាស​ខ្ញុំ មាន​ចំនួន​តិចតួច ដោយ​កន្លងមក​បាន​ធ្វើ​សមាហរណកម្ម​វិលត្រឡប់​ទៅ​សហគមន៍​វិញ​៕