ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង​អញ្ជើញ​ចូលរួម​បើក​វិញ្ញាសារ ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​មណ្ឌល​គរុកោសល្យ​និង​វិក្រឹត្តិការ​ខេត្តស្វាយរៀង​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​៤​រោច ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៩​នេះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង និង​ឯកឧត្តម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា អមដំណើរ​ដោយ​ឯកឧត្តម រស់ ផា​រិទ្ធ ឯកឧត្ដម តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្ត លោកស្នងការ​ស្នងការរង នគរបាល​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​អភិបាលក្រុង​ស្វាយរៀង និង​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វិញ្ញាសារ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង​ថ្ងៃទី​១៩-២០ ខែ​សីហា ឆ្នាំ​២០១៩ នៅ​មណ្ឌល​គរុកោសល្យ និង​វិក្រឹត្តិកា​រខេត្ត ស្ថិត​នៅ​ក្រុង​ស្វាយរៀង ខេត្ត​ស្វាយរៀង ។​

​នៅក្នុង​ឆ្នាំ​សិក្សា ២០១៨-២០១៩​នេះ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ខេត្ត​ស្វាយរៀង មាន​បេក្ខជន​សរុប​ចំនួន ៣.៩៤៩​នាក់ ស្រី ១.១៨៨៩​នាក់​៖

*​ក្នុងនោះ បេក្ខជន​ចំណេះដឹង​ទូទៅ​មាន​ចំនួន​៣.៣១២​នាក់ ស្រី ១.៦២៤ នាក់
*​បេក្ខជន​ភាសារ​អង់គ្លេស​មាន​ចំនួន ៣.៩២៧​នាក់ ស្រី ១.៨៧៨​នាក់
*​បេក្ខជនស្វ័យរិន​មាន​ចំនួន ៥០១​នាក់ ស្រី​២៤៣​នាក់
*​បេក្ខជន​បំពេញវិជ្ជា​ចំនួន ១១៥​នាក់ ស្រី​២០​នាក់​
*​បេក្ខជនស្វ័យរិន​បំពេញវិជ្ជា​ចំនួន ២១​នាក់ ស្រី​០២​នាក់ និង​បេក្ខជន​ភាសារ​បារាំង​ចំនួន​២២​នាក់ ស្រី​១១​នាក់​។​

​ចំពោះ​មណ្ឌល​ប្រឡង​មាន​ចំនួន ៧​មណ្ឌល ស្មើនឹង ១៥៩​បន្ទប់ រួម​មាន​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ស្វាយជ្រំ​,​មណ្ឌល​វិទ្យាល័យ ហ៊ុន សែន ចេក​, មណ្ឌល​បឋមសិក្សា​ព្រះសីហនុ​, មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងជើង​,​មណ្ឌល​វិទ្យាល័យ​ស្វាយរៀង​ខាងត្បូង​,​មណ្ឌល​បឋម ២​ធ្នូ និង​មណ្ឌល​សាលា​គរុកោសល្យ​ខេត្ត​ស្វាយរៀង​។​