​ពិធី​ហូប​សាច់ជ្រូក​សុវត្ថិភាព​នៅ​សាលាក្រុង​បាវិត ខេត្ត​ស្វាយរៀង

​នា​ព្រឹក​ថ្ងៃ​ចន្ទ​១២​កើត ខែ​ស្រាពណ៍ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​និង​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ហូប​សាច់ជ្រូក​សុវត្ថិភាព​នៅ​សាលាក្រុង​បាវិត ខេត្ត​ស្វាយរៀង និង​មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលក្រុង​-​ស្រុក​លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំង​ទាំង​៣​ប្រភេទ និង​ប្រជាពលរដ្ឋ​មួយចំនួនទៀត​។​

​មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​បាន​ជម្រុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​ស្វាយរៀង ឲ្យ​ងាក​មក​បរិភោប​សាច់ជ្រូក ជា​ធម្មតា​វិញ ដោយ​កុំ​មាន​ភាពភ័យខ្លាច​ពី​ការឆ្លង​ជម្ងឺ​ប៉េស​ជ្រូក​អាហ្វ្រិក ពី​ព្រោះ​ជម្ងឺ​នេះ មិន​ឆ្លង​មក​មនុស្ស និង​បង្ក​គ្រោះថ្នាក់​នោះ​ទេ គឺ​វា​កើត​តែ​លើ​សត្វ​ជ្រូក​ដូចគ្នា តែប៉ុណ្ណោះ​។​

​ឯកឧត្តម​បន្តថា ក្រោយ​ពេល​សម្ដេច​តេជោ ហ៊ុន សែន ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ បន្ត​បរិភោគ​សាច់ជ្រូក អាជ្ញាធរ​គ្រប់​ខេត្ត និង​មន្ទីរ​កសិកម្ម​ខេត្ត មន្ត្រី​ពេទ្យសត្វ រួម​នឹង​មន្ត្រី​មួយចំនួន​ទៀត បាន​នាំគ្នា​ហូប​សាច់ជ្រូក​ខ្វៃ ក្នុង​កម្មវិធី​ពិសា​សាច់ជ្រូក​សុវត្ថិភាព​នាពេលនេះ ក្នុង​គោលបំណង​ចង់​បំផុសស្មារតី និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺប៉េស្ដ្រ​ជ្រូក​អាហ្វ្រិក ព្រោះ​តាម​ការពិនិត្យ​តាមដាន​ជា​ប្រចាំ​របស់​ក្រសួង​ជំនាញ​កម្ពុជា មកទល់​ពេល​នេះ​គឺ មិន​មាន​ឆ្លង​មក​មនុស្ស​ទេ វា​ឆ្លង​តែ​ជ្រូក​ដូច​គ្នា​តែ​ប៉ុណ្ណោះ ។​

​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ជំនាញ​នៃ​ការិយាល័យ​បសុពេទ្យ បញ្ជាក់​ឲ្យដឹង​ដែរថា ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ​នេះ អាជីវករ​ដែល​ជា​អ្នក​ចិញ្ចឹម​ជ្រូក និង​លក់​សាច់​ជ្រូក​បាន​ត្អូញត្អែរ ខណៈ​ដែល​ការលក់​សាច់ជ្រូក​មានកា​រ​ធ្លាក់ចុះ​ជា​បន្ដបន្ទាប់ ក្រោយពី​មាន​ការផ្ទុះ​ជំងឺប៉េស្ដ្រ​ជ្រូក​អាហ្វ្រិក ដែល​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ផ្អាក ឬ​កាត់​បន្ថយ​ការ​ទទួលទាន​សាច់ជ្រូក​។​

​ដូច្នេះ​តាមរយៈ​ពី​ធី​ធ្វើឡើង​ពេលនេះ គឺ​ចង់​បំផុស​ស្មារតី និង​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ កុំ​មាន​ការព្រួយបារម្ភ​អំពី​បញ្ហា​ជំងឺប៉េស្ដ្រ​ជ្រូក​អាហ្វ្រិក ព្រោះ​តាម​ការពិនិត្យ​តាមដាន​ជា​ប្រចាំ​របស់​ក្រសួង​ជំនាញ​ពាក់ព័ន្ធ​មកទល់ពេលនេះ​គឺ មិន​មាន​ឆ្លង​មក​មនុស្ស​ទេ ហើយ​សត្វ​ជ្រូក​ដែល​យក​ទៅ​កាប់​លក់​លើ​ទីផ្សារ សុទ្ធតែ​បាន​ឆ្លងកាត់​ការពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​ពេទ្យសត្វ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នាំគ្នា​ហូប​សាច់ជ្រូក​ឡើង​វិញ​កុំ​មាន​ការព្រួយបារម្ភ​៕