​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​វៀតណាម​ខុសច្បាប់​មួយកន្លែង នៅ​សង្កាត់​ស្ទឹងមានជ័យ ៣ ឃាត់​មនុស្ស​៤​នាក់​

ភ្នំពេញ​៖ នៅវេ​ម៉ោង ១៥​និង​៤០​នាទី នា​ថ្ងៃ​សុក្រ ៧​រោច ខែ​ចេត្រ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី ២៦ ខែ​មេសា ឆ្នាំ ២០១៩ ដោយ​មាន​ការចង្អុលបង្ហាញ ពី លោក ពេជ្រ កែវ​មុនី អភិបាលខណ្ឌ​មានជ័យ និង ដោយ​មាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោកស្រី កែវ សុគន្ធា ផងដែរ នោះ​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ មាន​កម្លាំង​នគរបាល និង​កម្លាំង​ប្រជា​ការពារ​ជាច្រើន​នាក់ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ បាន​បើក​ការចុះ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ខុសច្បាប់​មួយកន្លែង ស្ថិត​នៅ​ចំណុច​ផ្សារ​ក្រមួន​លូ​៥ តាម​បណ្តោយ​ផ្លូវវេង​ស្រេង ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១៥ និង ៤០​នាទី​រសៀល​ថ្ងៃ​ទី ២៦ ខែ​មេសា ឆ្នាំ​២០១៩ ។​

​ជា​លទ្ធិ​ផល កម្លាំងចម្រុះ បាន​ឃាត់ខ្លួន​មនុស្ស​ស្រី​ចំនួន ៤​នាក់ ក្នុងនោះ ២​នាក់​ជា​អ្នក​កត់ និង​២​នាក់ ទៀត​ជា​អ្នក​ចូល​ទៅ​ចាក់ និង​ដកហូត​លុយ​ខ្មែរ ២​លាន​រៀល រួម​ទាំង​ក្រដាស់​ឆ្នោត​ខុសច្បាប់​ជាច្រើន រួម​ទាំង​វត្ថុតាង​មួយចំនួន​ធំ​ទៀត​ផង​ដែរ ។​

​ក្រោយ​ការឃាត់ខ្លួន​មនុស្ស​ទាំង​៤​នាក់ និង​វត្ថុតាង​ត្រូវ​បញ្ជូន​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹងមានជ័យ​ទី​៣ ក្នុងនោះដែរ អ្នក​ដែល​ចូល​ទៅ​ចាក់​២​នាក់ គឺ​ត្រូវ​នគរបាល​អប់រំ​ណែនាំ​រួច​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ដោយឡែក​ស្ត្រី​២​នាក់​ទៀត​ដែល​ជា​អ្នក​កត់ ត្រូវ​ឃាត់ខ្លួន​រងចាំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់ ៕