នាយ​ឧត្តមសេនីយ៍ សៅ សុខា បញ្ជា​ឲ្យ​លុបចោល​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់ និង​ដុត​បំផ្លាញ​ចោល​រថយន្ដ​បា​កុង​២០​គ្រឿង​ទៀត នៅ​ខេត្ត​មណ្ឌល​គី​រី​

មណ្ឌលគិរី​៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០១៩​នេះ បាន​បញ្ជា​ឲ្យ​លុប និង​បិទ​ចោល​សិប្បកម្ម​រោង​កែច្នៃ​ឈើ​ខុសច្បាប់ នៅ​ខេត្ត​មណ្ឌលគិរី​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ បាន​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​យើង ឲ្យដឹង​ដែរថា ក្រៅពី​ការបញ្ជាឲ្យ​បិ​ទចោល​នូវ​សិប្បកម្ម​ទាំងអស់នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​បញ្ជា​ឲ្យធ្វើ​ការដុត​បំផ្លាញ​ចោល​នូវ​មធ្យោបាយ​ដឹកឈើ រថយន្ដ​បា​កុង​កែច្នៃ ដែល​ហួស​សុពលភាព​ប្រើប្រាស់ ចំនួន​២០​គ្រឿង​ទៀត​ផង​ដែរ នៅ​ថ្ងៃ​នេះ​តែម្ដង​។​

​ដោយឡែក មធ្យោបាយ​ដែល​សមត្ថកិច្ច​បង្ក្រាប​នា​ពេលកន្លងមក ប៉ុន្ដែ​មិន​មាន​ឈើ​ខុសច្បាប់​នៅ​លើ​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា ក៏​បាន​ណែនាំ​ឲ្យ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ផង​ដែរ ព្រោះថា​មធ្យោបាយ​ទាំងអស់​នេះ​មិន​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​នោះ​ឡើយ​។ នេះ​បើ​តាម​ការ​ឲ្យដឹងពី លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី​។​

​គួរ​ជម្រាប​ថា ការ​ដាក់​បទបញ្ជា​នេះ របស់​នាយ​ឧត្តមសេនីយ៍ សៅ សុខា ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ នៅ​សាលា​ខេត្តមណ្ឌលគិរី ព្រឹក​ថ្ងៃ​អង្គារ ទី​០៦ ខែ​សីហា ឆ្នាំ​២០១៩ ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​អន្តរក្រសួង និង​ស្ថាប័ន​ចំរុះ ដែល​មាន​ការពាក់ព័ន្ធ​។​

​លោក​ឧត្តមសេនីយ៍ត្រី អេង ហ៊ី ក៏​បាន​បន្ថែមថា បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ ក្រុមការងារ​ដែល​ដឹកនាំ​ដោយ​នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​បន្ដ​ទៅ​ស្រុក​កោះ​ញ៉ែ​ក ដើម្បី​ពិនិត្យមើល​ជាក់ស្ដែង ក្នុង​ក្រុមហ៊ុន​ដែល​គណៈកម្មការ​ឃាត់​កន្លង​ទៅ​ពាក់ព័ន្ធ​បទ​ល្មើស​៕