​សម្តេច​ពញា​ចក្រី ហេង សំរិន អញ្ជើញ​សម្ពោធ​សមិទ្ធិផល​នានា​តម្លៃ​២៦​ម៉ឺន​ដុល្លារ ក្នុង​វត្តក្តី​កណ្តាល ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​

(​កំពង់ស្ពឺ​)៖ ព្រះវិហារ និង​កុដិ​រួម ជាមួយ​សមិទ្ធផល​នានា ជាច្រើន​ដែល​បាន​កសាង​រួច​ជា​ស្ថាពរ ដោយ​ចំណាយ​ថវិកា​សាងសង់​អស់​ជាង ២៦​ម៉ឺន​ដុល្លារ​អាមេរិក ដែល​ចូលរួម​ឧប្ត្ថម្ភ​គាំទ្រ​ពី​សប្បុរសជន​ជិត​ឆ្ងាយ និង​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ក្នុង​វត្តក្តី​កណ្តាល ស្ថិត​នៅ​ក្នង​ឃុំ​ពាំង​ល្វា ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​​ត្រូវបាន​ប្រារព្ធ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌសីមា និង​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​កម្ពុជា​។​

​ក្នុងឱកាស​នោះ សម្តេច​ពញា​ចក្រី ហេង សំរិន បាន​ថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធ​សង្គម​ជាច្រើន ក្នុងនោះ​មាន​វត្ត​អារាម សាលា រៀន មន្ទីរពេទ្យ និង​អាគារ​សំខាន់​របស់​រដ្ឋ ត្រូវបាន​បំផ្លិចបំផ្លាញ​ស្ទើរតែ​ទាំងស្រុង​នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ប៉ុន្តែ​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ អ្វីៗ​ត្រូវ​បាន​ស្តារ និង​កសាង​ឡើង​វិញ ដោយ​សម្រេច​បាន​សមិទ្ធ​ផល​ធំៗ​ជាច្រើន​។​

​សម្តេច​ប្រធានរដ្ឋសភា​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​ឆន្ទៈ​ដ៏​មុះមុត​របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​ជំរុញ​ដំណើរការ​នៃ កំណែទម្រង់​ស៉ីជម្រៅ និង​ទូលំទូលាយ​ដែល​រួមមាន​៖ កំណែទម្រង់រដ្ឋបាល​សាធារណៈ ការប្រឆាំង​អំពើ​ពុករលួយ កំណែទម្រង់​កងកម្លាំង​ប្រដាប់អាវុធ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ យុត្តិធម៌ កំណែ​ទម្រង់ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ដីធ្លី ជលផល ការគ្រប់គ្រង​ព្រៃឈើ ធនធានធម្មជាតិ និង​បរិស្ថាន ដើម្បី​ធានា​អភិបាលកិច្ច​ល្អ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ប្រកបដោយ​ចីរភាព​។ សម្តេច​ថា កាលពី​ឆ្នាំ​២០១៥​កន្លងមកនេះ ប្រទេស​កម្ពុជា​បាន​ឆ្លង​ផុតពី​ប្រទេស​ក្រីក្រ​តោកយ៉ាក ចូល​មក​កាន់​ប្រទេស​មួយ​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។​

​ជាមួយគ្នានេះ សម្តេច ហេង សំរិន បាន​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​វិភាគទាន​ដ៏​ថ្លៃថ្លា​ពី​គ្រប់​ផ្នែក​ទាំងអស់ ដែល​បាន​រួមចំណែក​យ៉ាងសកម្ម ធ្វើ​ឱ្យ​សម្រេចបាន​នូវ​សមិទ្ធផល​នានា​ជាច្រើន​ក្នុង​វត្តក្តី​កណ្តាល​នេះ​។ សម្តេច​បាន​គូសបញ្ជាក់ថា ការចូលរួម​នេះ មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ជំនឿ និង​ការគោរព​ប្រណិបត្តិដ៏​ជ្រាលជ្រៅ​របស់​ប្រជាជន ចំពោះ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បង្ហាញឲ្យឃើញ នូវ​ស្មារតី​សាមគ្គីភាព ការគោរព​ស្រឡាញ់ និង​ការគាំទ្រ​របស់​យើង​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ជូន​ជាតិ​មាតុភូមិ​។​

​វា​ជា​ការផ្លាស់ប្តូរ​មួយ ដែល​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច​សង្គម​រីកចម្រើន ជា​វឌ្ឍនភាព​មួយ​ដែល​ប្រទេស​កម្ពុជា​ត្រូវបាន​ពិភពលោក​មើលឃើញថា​ជា​របត់​ថ្មី និង​ជា​ប្រទេស​មួយ​ដែល​ទាក់ទាញ​ការចាប់អារម្មណ៍ ក្នុង​ក្រសែភ្នែក​នៃ​អ្នកវិនិយោគ ទាំង​ក្នុង​តំបន់ និង​ពិភពលោក ដោយ​សម្តេច​បាន​គូសបញ្ជាក់​ទៀត​ថា អ្នកវិនិយោគ​បរទេស មុន​នឹង​ដាក់ទុន​នៅក្នុង​ប្រទេស​ណាមួយ ពួកគេ​ត្រូវ​សិក្សា​លើ​កត្តា​សំខាន់ៗ​មួយចំនួន​គឺ​សុខសន្តិភាព ស្ថិរភាព​សង្គម​រយៈពេល​វែង កំណើន សេដ្ឋកិច្ច​របស់​ប្រទេស និង​ជា​ពិសេស​គោលនយោបាយ និង​ច្បាប់​គ្រប់គ្រង ហើយ​ថា​ប្រទេស​កម្ពុជា បាន​រៀបចំ​គោលនយោបាយ​ត្រឹមត្រូវ បើកចំហរ ច្បាប់​នានា​ល្អ ដើម្បី​ផ្តល់ ឱកាស និង​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ​អន្តរជាតិ​។ យុទ្ធសាស្ត្រ​រាជរដ្ឋាភិបាល ក្នុង​គោលដៅ​បង្កើត​ប្រព័ន្ធ​ដឹកជញ្ជូន ពហុ​មធ្យោបាយ និង​ប្រព័ន្ធ​ឡូ​ជី​ស្ទីក ដើម្បី​ត​ភ្ជាប់​ប៉ូល​សេដ្ឋកិច្ច សំខាន់ៗ និង​ការអភិវឌ្ឍ​របៀង​សេដ្ឋកិច្ច និង​ការពង្រាយ​រោងចក្រ ទៅ​តាម​បណ្តា​ខេត្ត​នានា ក្រៅ​ពី​រាជធានី​ភ្នំពេញ (​តួ​យ៉ាង​ខេត្តកំពង់ស្ពឺ​) បាន​បង្កើត​ការងារ​ជូន​ក្មួយៗ កម្មករ កម្ម​ការ​នី នៅនឹងកន្លែង ក្នុង​គោលបំណង​បង្កើន​ការចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ ការកាត់បន្ថយ​គម្លាត​រវាង​ទីក្រុង និង​ជនបទ ក៏ដូចជា​ការលើកស្ទួយ​ជីវភាព​របស់​ប្រជាជន​។​

​នៅក្នុង​ឱកាស​នោះ​ដែរ សម្តេច​ពញា​ចក្រី ហេង សំរិន បាន​ក្រើនរំឭក​ចំពោះ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់​ក្នុង​ខេត្ត​កំពង់ស្ពឺ ត្រូវ​បន្ត​រួមគ្នា​ធ្វើ​អន្តរាគមន៍​ឲ្យទាន់ពេ​ល​វេលា ដោះស្រាយ​បញ្ហា​ចំពោះមុខ​គ្រោះធម្មជាតិ (​គ្រោះរាំងស្ងួត​) ដោះស្រាយ​បញ្ហា​ទឹក​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ថែរក្សា​ប្រភពទឹក និង​ការប្រើប្រាស់​ទឹក​សន្សំសំចៃ ជាមួយ​នឹង​ការរក្សា​ទឹក​ក្នុង​ស្រះ ហើយ​អាជ្ញាធរ​គ្រប់​មូលដ្ឋាន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ និង​វិធានការណ៍​ការពារ​ត្រៀម​ជា​មុន​សម្រាប់​ករណី​នេះ​ឱ្យបាន​ទាន់​ពេលវេលា​។ ទន្ទឹមនេះដែរ តំបន់​ខ្លះ​ចាប់ផ្តើម​មាន​ភ្លៀង​ធ្លាក់​លាយឡំ​មក​ជាមួយ​ខ្យល់​កន្ត្រាក់ ដែល​នាំ​ឲ្យ​ខូចខាត​ផ្ទះសម្បែង​ប្រជាជន ដូច្នេះ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​រួមគ្នា​ធ្វើ​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា​។​

​ដើម្បី​ជា​ការលើកទឹកចិត្ត​ចំពោះ​ព្រះសង្ឃ គណៈកម្មការ​អាចារ្យវត្ត និង​សប្បុរសជន​ដែល​បាន​ចំណាយ​ធនធាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន ក្នុង​ការកសាង​សមិទ្ធផល​នានា​ក្នុង​ខេត្ត​កំពង់ស្ពឺ ពិសេស​ក្នុង​វត្តក្តី​កណ្តាល​នេះ សម្តេច ហេង សំរិន​បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស​ប្រគេន​ព្រះ​សង្ឍ និង​ជូន​សប្បុរសជន​ដែល​ក្នុងនោះ​មាន​គ្រឿង​ឥស្សរិយយស ជា​តូប​ការ គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់​មហា​សេរី​វឌ្ឍន៍ គ្រឿង​ឥស្សរិយយស​សុវត្ថា​រា​ថ្នាក់​មហា​សេរី​វឌ្ឍន៍ គ្រឿង​ឥស្សរិយយស​មុនី​សារា​ភ​ណ្ឌ័ ថ្នាក់​មហា​សេរី​វឌ្ឍន៍ គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហាសេនា គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​ធិបឌិន គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​សេនា​។​

​បន្ទាប់ពី​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស​រួចមក សម្តេច​ពញា​ចក្រី ហេង សំរិន បាន​នាំយក​អំណោយ​ជា​បច្ឆ័យ​ប្រគេន​វត្តក្តី​កណ្តាល ចំនួន​៤០​លាន​រៀល សម្រាប់​ចូលរួម​កសាង​សមិទ្ធិផល​ក្នុង​វត្ត​។ បច្ច័យ​សម្រាប់​កាន់​ទិស​ទាំង​៨ ក្នុង​មួយ​ទិស​៥០​ម៉ឺន​រៀល​។ ដោយឡែក ទិស​សីមា​កិល​បច្ច័យ​១​លាន​រៀល​។​

​ជាមួយគ្នា​នេះ​សម្តេច​បាន​ឧបត្ថម​ដល់​លោកគ្រូ​អ្នកគ្រូ​១០០​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​២០០០០​រៀល សិស្សានុសិស្ស​៥០០​នាក់ ម្នាក់ៗ​ទទួលបាន​សៀវភៅ ប៊ិច និង​ថវិកា​៥០០០​រៀល​។ ឧបត្ថម្ភ​ដល់​យុវជន​កាកបាទក្រហម សិស្ស​កាយ​រិទ្ធ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​កំពង់ស្ពឺ សរុប​ចំនួន​២០០​នាក់ ក្នុង​ម្នាក់ៗ​ថវិកា​១០០០០​រៀល ជូន​សាលាស្រុក​ឧដុង្គ និង​មន្ត្រីរាជការ​ក្រុមប្រឹក្សាឃុំ ស្រុក​សរុប​ចំនួន​៣​លាន​២​សែន​៥​មឺ​នរៀល ជូន​កម្លាំង​ការពារ​ថវិកា​២​លាន​៦​សែន​រៀល ឧបត្ថម្ភ​ក្រុមគ្រូពេទ្យ​ថវិកា​១​លាន​រៀល​។ លោកយាយ​លោកតា ១០០​នាក់​ម្នាក់ៗ ទទួលបាន​ក្រណាត់ស​មួយ​ដុំ ថវិកា​១០០០០​រៀល​។ ព្រមទាំង​បាន​ចែក​ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​ប្រជាពលរដ្ឋ ចូលរួម​ចំនួន​៤​ពាន់​នាក់​ផងដែរ​៕